គណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារបឹងប្រលិត បណ្តោយផ្លូវ១៩៨ ដើម្បីសម្រួលចរាចរណ៍សាធារណៈ វគ្គ៣

 


ភ្នំពេញ៖ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ៧មករា បានបន្តយកចិត្តទុកដាក់លើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ ដោយចាត់លោក ណុប ផា និងលោក អ៉ី ពៅ អភិបាលរងខណ្ឌ ដឹកនាំក្រុមការងារចុះរៀបចំសណ្តាប់ធ្នាប់នៅចំណុចផ្សារបឹងប្រលិត តាមបណ្តោយផ្លូវលេខ១៩៨ ស្ថិតក្នុងសង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ក្រោមការចាត់តាំងរបស់លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ដោយមានការចូលរួមពីមន្ត្រីការិយាល័យសាធារណការ និងដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកម្លាំងនគរបាលខណ្ឌ សហការជាមួយអាជ្ញាធរសង្កាត់ ដើម្បីពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់នៅតំបន់ខាងលើឱ្យមានរបៀបរៀបរយ។

ការចុះអនុវត្តការងារនេះធ្វើឡើង បន្ទាប់ពីក្រុមការងារពិនិត្យឃើញថា អាជីវករមួយចំនួនបានដាក់តាំង និងលក់ដូររំលោភលើផ្លូវសាធារណៈដោយពុំមានសណ្តាប់ធ្នាប់ ដែលបង្កផលប៉ះពាល់ដល់លំហូរចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងកាត់តំបន់នោះ។

ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំង ដើម្បីចាត់វិធានការរៀបចំសណ្តាប់ធ្នាប់ឱ្យបានសមស្រប សំដៅធានាឱ្យផ្លូវសាធារណៈមានភាពទូលាយ និងអាចប្រើប្រាស់សម្រាប់ការធ្វើដំណើរបានដោយរលូន ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍ដែលអាចកើតមានដោយសារការដាក់តាំងលក់ទំនិញគ្មានសណ្តាប់ធ្នាប់ ដូចជា ការដាក់ឆ័ត្រ សំយ៉ាប គ្រែលក់ដូរ និងសម្ភារៈផ្សេងៗដែលអាចរំខានដល់ការធ្វើដំណើររបស់សាធារណជន។

ជាមួយគ្នានេះ លោកអភិបាលរងខណ្ឌ ក៏បានណែនាំដល់បងប្អូនអាជីវករឱ្យចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយរៀបចំការលក់ដូរឱ្យមានរបៀបរៀបរយ មិនត្រូវដាក់តាំងទំនិញ ឬសម្ភារៈផ្សេងៗរំលោភលើចំណីផ្លូវ និងផ្លូវ សាធារណៈ ដែលបង្កការរាំងស្ទះដល់ចរាចរណ៍ និងប៉ះពាល់ដល់សិទ្ធិប្រើប្រាស់ផ្លូវរបស់ប្រជាពលរដ្ឋ ហើយលោកនិងដាក់កំលាំងតាមដាន ឃ្លាំមើល រហូតបងប្អូនបានរៀបចំមានសណ្តាប់ធ្នាប់ល្អ បើមិនដូច្នោះលោក និងចាត់វិធានការរដ្ឋបាល មិនយោគយល់ឡើយ ។ក្នុងអំឡុងពេលអនុវត្តវិធានការនោះ រដ្ឋបាលខណ្ឌនឹងមិនទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់សម្ភាររបស់បងប្អូនប្រជាពលរដ្ឋឡើយ។

លោកអភិបាលរងខណ្ឌបានលើកឡើងថា ការចូលរួមរបស់បងប្អូនអាជីវករ គឺជាកត្តាសំខាន់ក្នុងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ធានាបាននូវសោភ័ណភាពទីក្រុង និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ដូច្នេះ អាជីវករទាំងអស់គួរចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដើម្បីរួមគ្នាធ្វើឱ្យតំបន់ផ្សារមានភាពស្អាត មានរបៀបរៀបរយ និងកាត់បន្ថយការកកស្ទះចរាចរណ៍។

រដ្ឋបាលខណ្ឌ៧មករា បានបន្តយកចិត្តទុកដាក់លើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ និងទីតាំងសំខាន់ៗក្នុងមូលដ្ឋាន ដោយសហការជាមួយអាជ្ញាធរសង្កាត់ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាឱ្យការប្រើប្រាស់ផ្លូវសាធារណៈប្រព្រឹត្តទៅដោយមានសណ្តាប់ធ្នាប់ សុវត្ថិភាព និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋទូទៅ ៕
















Powered by Blogger.