លោក នី ណាក់ អំពាវនាវឲ្យនាយករដ្ឋមន្ត្រីជួយរកយុត្តិធម៌ជាថ្នូរនឹងការចុះចូល
លោក នី ណាក់ អ្នកជំនាញផ្នែកកសិកម្ម បានដាក់ក្តីសង្ឃឹម«តែមួយគត់ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត »ក្នុងផ្តល់យុត្តិធម៌សម្រាប់រូបលោក បន្ទាប់ពីសកម្មជនរូបនេះ រងនូវការវាយដំយ៉ាងធ្ងន់ធ្ងរ កាលពីដើមសប្តាហ៍នេះ។តាមរយៈសារខ្លីដែលបង្ហោះលើទំព័រហ្វេសប៊ុកឈ្មោះថាIMan-KH ដែលជារបស់លោក នី ណាក់ នោះ បានគូសបញ្ជាក់ ដោយស្នើឲ្យលោក ហ៊ុន ម៉ាណែត ជួយពន្លឿនដល់ការស៊ើបអង្កេតរបស់សមត្ថកិច្ច ដើម្បីរកមុខអ្នកពាក់ព័ន្ធនិងអ្នកដៃដល់មកដាក់ទោស។
ដោយភ្ជាប់រូបថតមួយសន្លឹកដែលបានថតជាមួយលោក ហ៊ុន ម៉ាណែត សកម្មជនសង្គមជំនាញកសិកម្មរូបនេះ ប្រកាសថាលោកនឹងចុះចូលបម្រើរដ្ឋាភិបាល ក្រោយពេលយុត្តិធម៌កើតមានចំពោះរូបលោក។ ប៉ុន្តែកាលពីមុនពេលបោះឆ្នោត គេឃើញមានរូបថតរបស់លោក នី ណាក់ បានឈរថតជាមួយលោក ហ៊ុន សែន ខណៈដែលសកម្មជនសង្គមជាច្រើនផ្សេងទៀតនាំគ្នាទៅជួបអតីតនាយករដ្ឋមន្ត្រីរូបនេះដល់ផ្ទះ។
ទោះជាយ៉ាងណា អ្នកស្រី ឈឿន ដារ៉ាវី សមាជិកក្រុមយុវជនខ្មែរថាវរៈ និងជាសកម្មជនបរិស្ថាន-សង្គម ដែលបានទៅជួបលោក ហ៊ុន សែន ដោយមានលោក នី ណាក់ ទៅជាមួយដែរនោះ បានអះអាងពួកគេមិនបានទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាដូចការចោទប្រកាន់ឡើយ។ ការដែលទៅជួបប្រមុខបក្សកាន់ អំណាចនាពេលនោះ គឺដើម្បីសុំរកយុត្តិធម៌លើសំណុំរឿងក្តីរបស់ពួកគេ បន្ទាប់ពីពួកគេបានជាប់ពន្ធនាគារមួយរយៈដោយសារតែសកម្មភាពរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននាពេលនោះ។
សូមបញ្ជាក់ថា លោក នី ណាក់ ធ្លាប់ត្រូវបានកាត់ទោសដាក់ពន្ធនាគារមួយឆ្នាំកន្លះ បន្ទាប់ពីបានប្រកាសពីផែនការទិញម៉ាស់មកពាក់ឲ្យសត្វមាន់ក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩។
សកម្មជនរូបនេះ ត្រូវបានក្រុមជនល្មើស ៣ទៅ៤នាក់ សុទ្ធតែបុរស បានដើរសំដៅមករកលោក នី ណាក់ ដោយមានដំបងមួយម្នាក់ជាប់នឹងដៃ វាយដំលើលោក នី ណាក់ ដោយព្យាយាមដោះមួកសុវត្ថិភាព និងវាយតម្រង់រកក្បាលតែម្តង ពេលធ្វើដំណើរ ពីម្តុំវត្តចំពុះក្អែក មកដល់ចំណុចឃ្លាំងដែកមួយកន្លែង នៅម្តុំវត្តព្រែកប្រា កាលពីថ្ងៃទី១២កញ្ញា។ នេះបើតាមភរិយាជនរងគ្រោះ។លោក នី ណាក់ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយមានស្នាមរបួស ជាច្រើនថ្នេរនៅមិនទាន់បានធូរស្រាលនៅឡើយទេ ដោយគ្រាន់តែអាចធ្វើចលនាបានខ្លះៗ។ នេះបើតាមការគូសបញ្ជាក់នៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃសៅរ៍នេះ៕
Post a Comment