កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ ចំនួន១៤នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត, រួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ ...
(បន្ទាយមានជ័យ): នៅវេលាម៉ោង១៧និង០៣នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចក្នុងចំការ ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ សហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត, រួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន១៤នាក់ ១-ឈ្មោះ ជិន វ៉ាន់ ភេទប្រុស អាយុ ៤៥ឆ្នាំ(ជួញដូរ សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់, កាន់កាប់អាវុធ, រួមភេទជាមួយអនីតិជន), ២-ឈ្មោះ នី សុខគី ភេទប្រុស អាយុ ២៨ឆ្នាំ(រក្សាទុក និងប្រើប្រាស់), ៣-ឈ្មោះ ភឹម សុវៀន ភេទប្រុស អាយុ ៣១ឆ្នាំ(ប្រើប្រាស់), ៤-ឈ្មោះ យ៉ុន ធឿន ភេទប្រុស អាយុ ៤០ឆ្នាំ(ប្រើប្រាស់), ៥-ឈ្មោះ ចាន់ សុខា ភេទប្រុស អាយុ ៤១ឆ្នាំ(ប្រើប្រាស់), ៦-ឈ្មោះ ហោ ទិត្យារិទ្ធ ហៅ សណ្តែ្កក ភេទប្រុស អាយុ ២៩ឆ្នាំ(ប្រើប្រាស់), ៧-ឈ្មោះ យឿត តូច ភេទប្រុស អាយុ ២៥ឆ្នាំ(ប្រើប្រាស់), ៨-ឈ្មោះ ឡុង គឹមង៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ(ប្រើប្រាស់), ៩-ឈ្មោះ ស ច្រឹង ភេទប្រុស អាយុ ៥១ឆ្នាំ(ប្រើប្រាស់), ១០-ឈ្មោះ មុត ដឿន ភេទប្រុស អាយុ ៤៦ឆ្នាំ(ប្រើប្រាស់), ១១-ឈ្មោះ យ៉ាន់ ចាន់រី ហៅ គោ ភេទប្រុស អាយុ ៣១ឆ្នាំ(ប្រើប្រាស់), ១២-ឈ្មោះ លឹម សុធា ភេទប្រុស អាយុ ៤៣ឆ្នាំ(ប្រើប្រាស់), ១៣-ឈ្មោះ ឈិង នាង ហៅ សា ភេទស្រី អាយុ ២៣ឆ្នាំ(ប្រើប្រាស់), ១៤-ឈ្មោះ ដាំ ចំណាន ភេទស្រី អាយុ ១៤ឆ្នាំ(ប្រើប្រាស់)។ ក្នុងប្រតិបត្តិការនោះកម្លាំងបានសម្ភារៈវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០៥ថង់កិប ស្មើនឹង ៦១៦គ្រាប់ ទម្ងន់ ៦២,៦៤ក្រាម, គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០៣កូនថង់កិប ទម្ងន់ ៦,៧៤ក្រាម, កាំភ្លើងវែង ចំនួន ០២ដើម (ប្រភេទAK-47 ស្វ័យបត់ ចំនួន ០១ដើម, ប្រភេទCKC ចំនួន ០១ដើម), ស្នាបាញ់គ្រាប់ឃ្លីដែក ចំនួន ០១ដើម, បង់កាំភ្លើងចំនួន០២, គ្រាប់កាំភ្លើងប្រភេទAK ចំនួន ១៤៤គ្រាប់, ដាវស៊ាំម៉ូរ៉ៃ ចំនួន ០១ដើម, ទូរស័ព្ទ ចំនួន ១៤គ្រឿង រួមនឹងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាជាប់ពាក់ព័ន្ធដូចការចោទប្រកាន់ពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាន កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី០២ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕















Post a Comment