រដ្ឋបាលក្រុងព្រះសីហនុ កម្ទេចទូរហ្គេមខុសច្បាប់ចំនួន ១៨៣គ្រឿង ដើម្បីចូលរួមទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់.!

 



ខេត្តព្រះសីហនុ៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំដោយលោក ឃន ម៉ន អភិបាលរង តំណាងលោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានរៀបចំកម្ទេចទូរហ្គេមខុសច្បាប់តូចធំចំនួន ១៨៣គ្រឿង ដែលត្រូវបានដកហូតក្នុងអំឡុងពេលចុះធ្វើរដ្ឋបាលចំហនៅតាមទីតាំងអាគារស្នាក់នៅ និងលំនៅឋានក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ នាពេលកន្លងមកនេះ។

សកម្មភាពកម្ទេចទូរហ្គេមខុសច្បាប់នេះ គឺជាយុទ្ធនាការបោសសម្អាតការឆោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់ពីថ្ងៃទី៥ ខែមករា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅក្នុងក្រុងព្រះសីហនុ ដែលបង្ហាញពីការបន្តយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមទប់ស្កាត់ និងបង្ក្រាបសកម្មភាពល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន។

ការចាត់វិធានការខាងលើ មានគោលបំណងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរួមចំណែកបង្ការផលប៉ះពាល់អវិជ្ជមានដែលអាចកើតមានពីល្បែងស៊ីសងខុសច្បាប់មកលើគ្រួសារ និងសង្គមជាតិ។

ជាមួយគ្នានេះ អាជ្ញាធរអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដោយមិនគាំទ្រ មិនប្រព្រឹត្ត និងរាយការណ៍អំពីទីតាំងដែលមានសកម្មភាពល្បែងស៊ីសងខុសច្បាប់ ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងសហគមន៍ ៕








Powered by Blogger.