ស៊ីអេចអ សូមថ្លែងអំណរគុណ ចំពោះសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលក្រុងអរិយក្សត្រ ដែលមានខ្លឹមសារទាំងស្រុង

 


រដ្ឋបាលក្រុងអរិយក្សត្រ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មាន ជាតិ-អន្តរជាតិ មេត្តាជ្រាបថា៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ គេហទំព័រ ស៊ីអេចអ ធីវីអនឡាញ បានចុះ ផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានខ្លឹមសារថា “មានការចាក់ដីចូលច្រាំងទន្លេ បុក គ្រឹះសំណង់រឹង នៅសង្កាត់ព្រែកអំពិល សូមមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធជួយពិនិត្យមើលផងទាន”។

ពាក់ព័ន្ធករណីខាងលើនេះ រដ្ឋបាលក្រុងអរិយក្សត្រ សូមធ្វើការបំភ្លឺ និងបញ្ជាក់ជូនសាធារណជនឱ្យបាន ជ្រាបថា៖ កន្លងមកទីតាំងដីនៅចំណុចនេះមានការបាក់ស្រុតជាបន្តបន្ទាប់ ទើបនៅអំឡុងឆ្នាំ២០២៤ ម្ចាស់ សំណង់បានដាក់ពាក្យស្នើសុំទៅកាន់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីសុំគោលការណ៍អនុញ្ញាតសាងសង់ ច្រាំងទន្លេ ដែលមានទីតាំងស្ថិតនៅភូមិព្រែកដូនហែម សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ក្រោយមកក្រុមការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយក្រុមការងាថ្នាក់ក្រុង ព្រមទាំង អាជ្ញាធរភូមិសង្កាត់ បានចុះពិនិត្យ និងសិក្សាលើទីតាំងខាងលើជាក់ស្តែងផងដែរ។

ដោយផ្អែកលើលិខិតលេខ ៣៤៨៦ ធទឧ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ របស់ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងពុំបានយល់ទាស់នឹងសំណើខាងលើនោះទេ ដោយឱ្យម្ចាស់សំណើត្រូវអនុវត្តនូវលក្ខខណ្ឌមួយ ចំនួន។

ទន្ទឹមគ្នានេះ រដ្ឋបាលក្រុងអរិយក្សត្រ ពិតជាមានការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់ គេហទំព័រ ស៊ីអេចអ ជីវីអនឡាញ ដែលបានធ្វើការផ្សព្វផ្សាយនៅលើបណ្តាញសង្គម និយាយខុសពីការពិត ដោយគ្មានមូលដ្ឋានគតិយុត្តច្បាស់លាស់ ធ្វើឱ្យសាធារណជនក៏ដូចជាបណ្តាញសារព័ត៌មាននានាមានការយល់ ច្រឡំ ដែលទង្វើនេះប្រាសចាកពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការបំពេញនូវតួនាទីភារកិច្ច របស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ មេត្តាជ្រាប ជាព័ត៌មាន។

ថ្ងៃចន្ទ ៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ក្រុងអរិយក្សត្រ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥រដ្ឋបាលក្រុងអរិយក្សត្រ។

អង្គភាពសារព័ត៌មាន សូមធ្វើការឆ្លើយតប ចំពោះខ្លឹមសារមួយចំនួន របស់រដ្ឋបាលអរិយក្សត្រ និងស្នើសុំ ដល់ថ្នាក់ដឹ្នាំគ្រប់ជាន់ថ្នាក់ សូមមេត្តាសិក្សាឡើងវិញ រាល់ខ្លឹមសារ ដែលអង្គភាពសារព័ត៌មាន ស៊ីអេចអធីវី រយ:ពេលកន្លងមក។

កាតព្វកិច្ចអ្នកសារព័ត៌មាន បានចុះទៅដល់ទីតាំង នៅថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២៥ បានថតនៅចំនុចទីតាំងខាងលើ ផ្សព្វផ្សាយជាសាធារណ: ក្នុងការជូនដំណឹង ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងការចុះត្រួតពិនិត្យ ក្នុងការថែរក្សាសម្បត្តិរដ្ឋ ការពារដីច្រាំងទន្លេ ដែលជាសម្បត្តិរដ្ឋ ក្នុងជាអ្នកសារព័ត៌មាន មិនមែនជាតុលាការកាត់ក្តី និងគ្មានសិទ្ធិបញ្ជា ទៅស្ថាប័នពាក់ព័ន្ធមួយណាឡើយ ការផ្សព្វផ្សាយព័ត៌មានជាសាធារណ:ទៅលើបណ្តាញទំនាក់ទំនងសង្គម ព្រៀបដូចជាព្រាបនាំសារ ក្នុងការឆ្លុះបញ្ចាំងនៅចំនុចខ្លះ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍នៅក្នុងសង្គម។

រដ្ឋបាលក្រុងអរិយក្សត្រ គួរសិក្សាពីច្បាប់ និងធម្មនុញវិជ្ជាជីវ:នៃរបបសារព័ត៌មាន អោយបានច្រើនជាងនេះ ក្នុងការធ្វើការចោទប្រកាន់មកលើអង្គភាពស៊ីអេចអធីវីអនឡាញ ។

តែទោះបីយ៉ាងណាក្តី ការប្រតិកម្មរបស់រដ្ឋបាលក្រុងអរិយក្សត្រ គឺអាចបញ្ជាក់ក្នុងការទទួលខុសត្រូវខ្ពស់ ចំពោះដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង រាល់សកម្មភាព ក្រុមការងារ ចម្រុះ ចុះត្រួតពិនិត្យ នៅចំនុចទីតាំងខាងលើ នៅថ្ងៃទី១០ខែវិច្ឆិកាឆ្មាំ ២០២៥ ម្សិលមិញ អាចបញ្ជាក់បានថា ខ្លួនឯងក៏មិនច្បាស់ការដែរ។


យោងលិខិតមួយច្បាប់ របស់រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយម នៅឆ្នាំ២០២៤ តើយោងលើកឯកសារមួយណានៃមន្ទីររៀបចំដែនដី ខេត្តកណ្តាល?ដែលចេញប័ណ្ណ នៃអចលនទ្រព្យ ប្លង់រឹង ដើម្បីបើកបង្ហាញជាសាធារណៈយោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។ តើដីចំណីមាត់ច្រាំងទន្លេ ត្រូវរក្សាទុក ប៉ុន្មានម៉ែត្រ ?


តាមការបែកធ្លាយឯកសារទៅបណ្តាញសង្គម មិនមែនជាផេកផ្លូវការរបស់រដ្ឋបាលក្រុងអរិយក្សត្រ គឺជាការបែកធ្លាយបែបទប់ស្កាត់ ដោយក្រុមការងារ សារព័ត៌មានមួយចំនួនតូច ខ្វះការអប់រំ ខ្វះការយល់ដឹង បែបផែនការងាររដ្ឋបាល សាធារណៈ ។


តែទោះបីយ៉ាងណាក្តីអង្គភាពអ្នកសារព័ត៌មានយើងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលក្រុងអរិយក្សត្រ ដែលបានតាមដានរាល់ការផ្សាយរបស់អង្គភាពយើងខ្ញុំ។


អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

















Powered by Blogger.