ពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ

 


(បន្ទាយមានជ័យ) ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ពិធីនេះប្រារព្ធនៅសាលប្រជុំ«ធំ» សាលាខេត្តបន្ទាយមានជ័យ។


ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានថ្នាក់ជាតិចំនួន១២២រូប ដែលក្រុមការងារថ្នាក់ជាតិនេះ មានសមាជិកចុះជួយថ្នាក់ឃុំ សង្កាត់ ក្រុង និងស្រុក សរុបចំនួន ៣.៦៥៩រូប។ តាមរយៈក្រុមការងារដែលបានបែងចែករួចនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានណែនាំក្រុមការងារឱ្យរៀបចំសមាសភាពបន្ថែមដើម្បីចុះដល់មូលដ្ឋានភូមិទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ ស្របតាមការចង្អុរបង្ហាញពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។


ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា៖ ក្រុមការងារចុះមូលដ្ឋានត្រូវសហការគ្នា ធ្វើជាមួយគ្នាឱ្យបានល្អ មានឆន្ទៈ មានការទទួលខុសត្រូវ និងមានភាពម្ចាស់ការ ហើយចាំបាច់ត្រូវចុះដល់មូលដ្ឋានផ្ទះប្រជាពលរដ្ឋ ដើម្បីស្តាប់ពីតម្រូវការ បញ្ហាប្រឈមពិតប្រាកដរបស់ប្រជាពលរដ្ឋដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពបំផុត ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ 


បើតាម ឯកឧត្តមរដ្ឋមន្ត្រី ភារកិច្ចរបស់ក្រុមការងារចុះមូលដ្ឋានគឺចុះជួយ តែមិនមែនធ្វើជំនួសនោះទេ ហើយក្រុមការងារក៏មិនសម្រេចជំនួសអង្គភាពជំនាញដែរ។ បន្ទាប់ពីបានអានសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការចុះមូលដ្ឋាន ឯកឧត្តមរដ្ឋមន្ដ្រីបានពន្យល់បញ្ជាក់អំពីតួនាទីភារកិច្ចរបស់ក្រុមការងារចុះមូលដ្ឋានទាំងកម្រិតថ្នាក់ជាតិនិងក្រោមជាតិ របៀបរបបការងារ ព្រមទាំងយន្តការការងារ ដើម្បីឱ្យការអនុវត្តការងារ ទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលពិតប្រាកដ៕

























Powered by Blogger.