នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះពិនិត្យទីតាំងស្ដុកសាច់បង្កកពីរកន្លែង នៅខណ្ឌច្បារអំពៅ សរុបជិត១៩តោនដើម្បីយកទៅវិភាគ,

 


ភ្នំពេញ៖ កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល និងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង ម៉ុត ដារ៉ា បានចុះបង្រ្កាបករណីសន្និធិ នាំចូល ចែកចាយសាច់គោ សាច់ជ្រូក សាច់ទា សាច់មាន់ និងគ្រឿងក្នុងបង្កក ចំនួន០២ទីតាំង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។


របាយការណ៍ដែល ទទួលបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ សមត្ថកិច្ចបានឲ្យដឹងថា

* ទីតាំងទី១៖ ដីឡូតិ៍គ្មានលេខ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

* ទីតាំងទី២៖ ដីឡូតិ៍គ្មានលេខ ផ្លូវលេខ៥១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយពីការឆែកឆេរ និងត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញវត្ថុតាងសាច់ជ្រូក សាច់គោ សាច់ទា សាច់មាន់ និងគ្រឿងក្នុងបង្កក សរុបទម្ងន់១៨,៨៤៨គីឡូក្រាម។

វត្ថុតាងខាងលើលោកព្រះរាជអាជ្ញារង បានសម្រេចឲ្យក្រុមការងារបិទឃ្លុំបេរកុងទីន័រក្លាសេ្សទាំង២ទីតាំង និងដកហូតសំណាកវត្ថុតាងយកទៅពិនិត្យវិភាគរកមេរោគ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ហើយបាននាំខ្លួនជនសង្ស័យទាំង០២នាក់ (ម្ចាស់ទីតាំង) មកនាយកដ្ឋាន ដើម្បីសាកសួរបំភ្លឺតាមនីតិវិធី៕







Powered by Blogger.