ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបុកគ្នាយ៉ាងពេញទំហឹងមួយបានកើតឡើង កាលពីវេលាម៉ោង ០២:១០ នាទីរំលងអធ្រាត្រ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦
ខេត្តកណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបុកគ្នាយ៉ាងពេញទំហឹងមួយបានកើតឡើង កាលពីវេលាម៉ោង ០២:១០ នាទីរំលងអធ្រាត្រ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ ២១A ចំណុចខាងមុខហាង ពេលវេលា ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយបានបណ្តាលឱ្យអ្នកបើកបរម៉ូតូទាំងពីរខាងស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។
យោងតាមរបាយការណ៍ របស់អធិការក្រុងតាខ្មៅ នៅ កន្លែងកើតហេតុបានឱ្យដឹងថា
សូមគោរពជូន រាយការណ៍ អធិការដ្ឋាននគរបាលក្រុងតាខ្មៅស្ដីពីករណី៖ គ្រោះថ្នាក់ចរាចរណ៍
ផ្លូវគោកកើតហេតុ: ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០២ និង ១០ នាទី
កន្លែងកើតហេតុ៖ ខាងមុខហាងពេលវេលា លើផ្លូវជាតិលេខ២១A ស្ថិតនៅភូមិព្រែកសំរោង
សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ រវាងម៉ូតូ និង ម៉ូតូ បណ្តាលឲ្យស្លាប់
ចំនួន០២នាក់(ប្រុស)។
សភាពនៃរឿងហេតុ៖
-នៅវេលាម៉ោង ថ្ងៃ ខែ ឆ្នាំ កើតហេតុ ខាងលើ
មានម៉ូតូមួយគ្រឿងម៉ាកHONDA DREAM125
ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1CK-7495(មិនពាក់មួកសុវត្ថិភាព, គ្មានកញ្ចក់)
អ្នកបើកបរឈ្មោះ សេត បូណារ៉ុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ អង្គរក្ស
មានទីលំនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង (ស្លាប់នៅកន្លែងកើតហេតុ)
បើកបរមានទិសដៅពីត្បូង មកជើង មកដល់ចំណុចកើតហេតុខាងលើ
ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក SUZUKI
NEX
ពណ៌ខ្មៅ គ្មានផ្លាកលេខ (មិនពាក់សុវត្ថិភាព,មានកញ្ចក់)
អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ
(ស្លាប់នៅកន្លែងកើតហេតុ) បើកបរមានទិសដៅពីជើង ទៅ ត្បូង។
អ្នកបើកបរម៉ូតូHONDA
DREAM125 ឈ្មោះ សេត បូណារ៉ុង ត្រូវបានប្រគល់ឲ្យមេរបស់គាត់យកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកអ្នកបើកបរម៉ូតូSUZUKI NEX បានតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកជ័យជំនះ
ដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួល។
ការខូចខាត៖ ម៉ូតូធ្ងន់០២គ្រឿង ចំពោះមធ្យោបាយពាក់ព័ន្ធខាងលើ
ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងតាខ្មៅដើម្បីបន្តនិតិវិធី។
មូលហេតុខាងលើបណ្តាលមកពី:
-អ្នកបើកបរម៉ូតូទាំងពីរនាក់:បើកបរក្នុងល្បឿនលឿននិងខ្វះការប្រុងប្រយ័ត្នដូចគ្នា។
យោងប្រភពពីពលរដ្ឋដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឱ្យដឹងថា
មូលហេតុចម្បងនៃគ្រោះថ្នាក់នេះ
ភាគច្រើនបណ្តាលមកពីអ្នកបើកបរទាំងសងខាងបើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន
យ៉ាងណាមិញ កត្តារួមផ្សំដ៏គ្រោះថ្នាក់បំផុតនោះ គឺស្ថានភាពផ្លូវដែលមានជម្រកគ្រលុក
និងការទុកដាក់គ្រឿងចក្រ (រ៉ូឡូកិនថ្ម) ចោលនៅលើចិញ្ចើមផ្លូវ
ដោយគ្មានការរៀបចំដាក់ស្លាកសញ្ញាព្រមាន
ឬភ្លើងសញ្ញាសុវត្ថិភាពឱ្យបានត្រឹមត្រូវពីសំណាក់ក្រុមហ៊ុនទទួលការរៀបចំបណ្តាញប្រព័ន្ធលូចម្រោះទឹកស្អុយក្នុងក្រុងតាខ្មៅនោះឡើយ។
ប្រភព អង្គភាពសារព័ត៌មាន ពីសំណាក់ លោក ជ្រា ថាវរិទ្ធ
ប្រធានការិយាល័យដឹកជញ្ជូន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល
បានបញ្ជាក់នៅថ្ងៃនេះថា គ្រឿងចក្ររ៉ូឡូកិនថ្នល់ដែលចតចោលនៅលើផ្លូវ
ដោយគ្មានការទុកដាក់ឱ្យមានសុវត្ថិភាពនោះ ពិតជារបស់ក្រុមហ៊ុនទទួលការម៉ៅការរៀបចំប្រព័ន្ធបណ្តាញលូចម្រោះទឹកស្អុយក្រុងតាខ្មៅប្រាកដមែន។
លោកបន្តទៀតថាមន្ទីរតែងតែជំរុញឱ្យពង្រឹងសុវត្ថិភាពការដ្ឋាន
និងពន្លឿនការជួសជុលផ្លូវឡើងវិញភ្លាមៗ (ទាំងផ្លូវបេតុង និងការរៀបចំអ៊ុតកៅស៊ូ)
នៅត្រង់ចំណុចដែលកប់ទុយោរួចរាល់ ក្នុងនាមជាអាជ្ញាធរដែនដី និងជាមន្ទីរសាមីក្នុងគម្រោងអន្តរជាតិនេះ
មន្ទីរទទួលខុសត្រូវលើការតាមដាន សម្របសម្រួល និងដោះស្រាយផលប៉ះពាល់
ដោយពុំមែនជាបន្ទុករបស់មន្ទីរសាធារណការឡើយ។
មរណភាពរបស់អ្នកបើកបរទាំងពីរនាក់នេះ ក្លាយជាប្រធានបទយ៉ាងក្តៅគគុកពីមហាជន និងអង្គការសង្គមស៊ីវិលចំពោះការទទួលខុសត្រូវ
និងការធ្វេសប្រហែសរបស់ក្រុមហ៊ុនម៉ៅការសំណង់ ក៏ដូចជា មន្ទីរសាធារណការ
និងដឹកជញ្ជូនខេត្តកណ្តាល ដែលជាអាជ្ញាធរគ្រប់គ្រង និងត្រួតពិនិត្យគម្រោង ។
ក្រុមហ៊ុនម៉ៅការប្រព័ន្ធលូ
ត្រូវតែមានការទទួលខុសត្រូវខ្ពស់ ចំពោះការដ្ឋានរបស់ខ្លួន
ដោយត្រូវរៀបចំដាក់ផ្លាកសញ្ញាព្រមាន ភ្លើងសញ្ញាសុវត្ថិភាពនៅពេលយប់
និងរៀបចំទុកដាក់គ្រឿងចក្រឱ្យមានរបៀបរៀបរយ ចៀសវាងការយកទ្រូងផ្លូវ ឬចិញ្ចើមផ្លូវសាធារណ:មកធ្វើជាកន្លែងចតគ្រឿងចក្រ
ដែលបង្កជាអន្ទាក់សម្លាប់ជីវិតប្រជាពលរដ្ឋបែបនេះបន្តទៀត។
តើមន្ទីរសាធារណការ និងអាជ្ញាធរខេត្តកណ្តាល ចាត់វិធានការ
យ៉ាងណា ការតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុនទទួលការម៉ៅការទាំងឡាយណាដែលខ្វះការទទួលខុសត្រូវ
ព្រមទាំងចុះត្រួតពិនិត្យការដ្ឋាននានាក្នុងក្រុងតាខ្មៅឱ្យបានតឹងរ៉ឹង ដើម្បីការពារ
សណ្តាប់ធ្នាប់ របៀបរៀបរយ និងការពារ អាយុជីវិត របស់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ
។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់ឲ្យមានការរើសអើងអង្គភាពអ្នកសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
ដោយនាគខ្មៅ


Post a Comment