មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យករណីទូកដរចតចោលលិច នៅស្រុកស្អាង



ខេត្តកណ្តាល៖ បន្ទាប់ពីបានឃើញ មានការផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ពីករណីទូកដរលិចនៅស្រុកស្អាង ក្រុមការងារមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានស្រុកស្អាង មេភូមិព្រែកតាឡៃ មេឃុំព្រែកអំបិល នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ បានចុះទៅពិនិត្យដល់ទីតាំងកំពង់ចម្លងវត្តកោះថ្មី  ស្ថិតក្នុងស្រុកស្អាង ដើម្បីធ្វើការពិតជាក់ស្តែង  អំពីស្ថានភាពករណីទូកដរលិចខាងលើនេះ។

តាមរយៈការពិនិត្យជាក់ស្តែង និងការបំភ្លឺពីម្ចាស់កំពង់ចម្លង បានបញ្ជាក់ថា ករណីទូកដរលិចនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ខណៈពេលទូកដរត្រូវបានចតទុកចោលនៅមាត់ច្រាំង មិនមែនកំពុងបើកបរដឹកជញ្ជូនប្រជាពលរដ្ឋ ឬអ្នកដំណើរឆ្លងកាត់ទន្លេនោះទេ។

ម្ចាស់កំពង់ចម្លង បានបកស្រាយថា មូលហេតុដែលបណ្តាលឱ្យទូកលិច គឺដោយសារនៅពេលចតទូក ផ្នែកក្បាលទូកជាប់នឹងដីច្រាំងខ្ពស់ ហើយផ្នែកខាងក្រោយទូកឬកន្ទុយទូក មានសភាពទាបជាងក្បាលទូក និងរាងផ្អៀង គួបផ្សំការចងទូកមិនបានសមស្រប ហើយនៅយប់ថ្ងៃកើតហេតុមានភ្លៀងធ្លាក់ខ្លាំង ស្របពេលកម្ពស់ទឹកទន្លេឡើង បណ្តាលឱ្យទឹកភ្លៀង និងទឹកទន្លេហូរចូលផ្នែកខាងក្រោយទូក រហូតបង្កឱ្យទូកលិចតែមួយផ្នែកប៉ុណ្ណោះ។

ម្ចាស់កំពង់ចម្លង បានបញ្ជាក់បន្ថែមថា ហេតុការណ៍នេះមិនបានបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរ ឬប្រជាពលរដ្ឋដែលប្រើប្រាស់សេវាកំពង់ចម្លងឡើយ ព្រោះនៅពេលកើតហេតុ ទូកដែលរងការលិចនោះត្រូវបានចតទុកចោល មិនមានការដឹកជញ្ជូនអ្នកដំណើរនោះទេ។

បន្ទាប់ពីកើតហេតុ ម្ចាស់កំពង់ចម្លងបានប្រើប្រាស់ទូក និងម៉ាស៊ីនបូមទឹក ដើម្បីស្តារទូកឡើងវិញ ហើយនៅវេលាម៉ោងប្រមាណ ៨:៣០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ កំពង់ចម្លងបានដំណើរការដឹកជញ្ជូនប្រជាពលរដ្ឋជាធម្មតាឡើងវិញ ជាមួយគ្នានេះ ក៏មានមន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចុះពិនិត្យស្ថានភាពទូកជាក់ស្តែង និងពុំបានរកឃើញបញ្ហាបច្ចេកទេសណាមួយដែលប៉ះពាល់ដល់ការប្រើប្រាស់នោះឡើយ។

ក្នុងឱកាសនោះ មន្ត្រីជំនាញក៏បានធ្វើការណែនាំដល់ម្ចាស់កំពង់ចម្លងឱ្យយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត លើការថែទាំទូក ការបំពាក់ឧបករណ៏ការពារសុវត្ថិភាពអ្នកឆ្លងដរជាដើម ព្រមទាំងការចត និងចងទូក ដោយត្រូវមានខ្សែពួរចងភ្ជាប់ទៅនឹងបង្គោលឱ្យបានរឹងមាំ ព្រមទាំងរៀបចំជណ្ដើរ ឬសម្ភារសមស្របសម្រាប់ការឡើងចុះរបស់អ្នកដំណើរ ដើម្បីធានាសុវត្ថិភាព និងបង្ការហានិភ័យដែលអាចកើតមានជាយថាហេតុ។


















Powered by Blogger.