គណៈប្រតិភូគយប្រទេសហ៊្សកដានី (Jordan) អមដោយក្រុមអ្នកជំនាញការ GIZ និងអ្នកជំនាញការ UNCTAD សរុបចំនួន ១៦រូប បានធ្វើទស្សនកិច្ចសិក្សានៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ)

 



ចាប់ពីថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូគយប្រទេសហ៊្សកដានី (Jordan) អមដោយក្រុមអ្នកជំនាញការ GIZ និងអ្នកជំនាញការ UNCTAD សរុបចំនួន ១៦រូប បានធ្វើទស្សនកិច្ចសិក្សានៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) និងបណ្តាអង្គភាពគយនិងរដ្ឋាករមួយចំនួន ដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តនីតិវិធីបំពេញបែបបទមុនពេលទំនិញមកដល់ (PAP) ដោយប្រើប្រាស់ប្រព័ន្ធ ASYHUB សម្រាប់ទំនិញដឹកតាមនាវា និងបញ្ញើឆាប់រហ័ស។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាជាន់ទី១៨ លោកអគ្គនាយករង ផា អេងវ៉េង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអនុញ្ញាតឱ្យលោក Ayman Yahya Hamdan Alqudah ប្រធានគណៈប្រតិភូ អមដោយក្រុមអ្នកជំនាញការ GIZ និង UNCTAD បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីបទពិសោធន៍នៃការអនុវត្តកន្លងមក។

នៅរសៀលថ្ងៃដដែល គណៈប្រតិភូគយប្រទេសហ៊្សកដានីនិងក្រុមអ្នកជំនាញការ បានបន្តធ្វើទស្សនកិច្ចសិក្សានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយបានជួបប្រជុំជាមួយមន្ត្រីគយ និងជួបប្រតិបត្តិករបញ្ញើឆាប់រហ័ស ដើម្បីសាកសួរពីបទពិសោធន៍ក្នុងការប្រើប្រាស់ប្រព័ន្ធ ASYHUB នាពេលកន្លងមក ក្នុងការអនុវត្តនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់សម្រាប់បញ្ញើឆាប់រហ័ស។

នៅថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូគយហ៊្សកដានីនិងក្រុមអ្នកជំនាញការ បានធ្វើទស្សនកិច្ចសិក្សាទៅកាន់សាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងបានជួបប្រជុំជាមួយមន្ត្រីគយនិងរដ្ឋាករ ប្រតិបត្តិករកំពង់ផែ ប្រតិបត្តិករដឹកជញ្ជូន ប្រតិបត្តិករបញ្ជូនទំនិញ និងប្រតិវេទករ ដើម្បីស្វែង-យល់អំពីការអនុវត្តនីតិវិធីបំពេញបែបបទមុនពេលទំនិញមកដល់ សម្រាប់ទំនិញដឹកជញ្ជូនតាមផ្លូវសមុទ្រ។

គណៈប្រតិភូរដ្ឋបាលគយប្រទេសហ៊្សកដានីនិងអ្នកជំនាញការ GIZ និង UNCTAD បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អគរ សម្រាប់ការទទួលដំណើរទស្សនកិច្ចសិក្សានេះ និងបានធ្វើដំណើរនិវត្តន៍ត្រឡប់ទៅមាតុប្រទេសវិញ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ដោយជោគជ័យ និងសុវត្ថិភាព។











Powered by Blogger.