ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកសកម្មភាពចុះសួរសុខទុក្ខ ឧបត្ថម្ភគាំទ្រដល់កងទ័ព និងនគរបាលការពារព្រំដែន ជាការផ្ដល់ថាមពល និងស្មារតីជាតិដ៏មហិមារ!
លោក រ៉េន រតនៈ បានឱ្យដឹងទៀតថា ក្នុងកិច្ចប្រជុំ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកម្លាំងគ្រប់ថ្នាក់ចំណុះក្រសួងមហាផ្ទៃ ក៏ដូចជនរួមជាតិដែរ បាននិងកំពុងទទួលនូវភាពកក់ក្ដៅប្រកបដោយទំនុកចិត្តខ្ពស់ចំពោះការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប្រតិភាណ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាក់ស្ដែងក្នុងស្ថានភាពបច្ចុប្បន្ន គឺកងយោធពលខេមរភូមិន្ទ និងកម្លាំងនគរបាលការពារព្រំដែនបានទទួល និងអនុវត្តបទបញ្ជាសហការឈរជើងបំពេញបេសកកម្មប្រកបដោយភាពម៉ឺងម៉ាត់បំផុត។
បើតាមអ្នកនាំពាក្យដដែល ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ទៀតថា ទោះបីជារាជរដ្ឋាភិបាលមានភាពម្ចាស់ការ១០០ភាគរយ លើបេសកកម្មជាប្រវត្តិសាស្ត្រនេះក៏ដោយ ប៉ុន្តែសកម្មភាពនៃការចុះសួរសុខទុក្ខ លើកទឹកចិត្ត និងផ្ដល់ការគាំទ្រពីថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងសប្បុរសជន និងជនរួមជាតិ គឺជាការផ្ដល់នូវថាមពលផ្លូវចិត្តដ៏មហិមារ ព្រមទាំងបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយដ៏រឹងមាំ ដែលធ្វើឱ្យកម្លាំងកងទ័ព និងនគរបាលការពារព្រំដែន កាន់តែមានភាពអង់អាចក្លាហាន និងក្ដីមោទនៈក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ។
សូមបញ្ជាក់ថា ចាប់ពីពេលដែលកងទ័ពថៃបើកការវាយឆ្មក់លើកងយោធពលខេមរភូមិន្ទ បណ្ដាលឱ្យពលីកងទ័ពកម្ពុជាម្នាក់ នៅតំបន់មុំបី ខេត្តព្រះវិហារ ភាពតានតឹង និងការប្រឈមមុខដាក់គ្នាតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរបានកើតមានជាថ្មីទៀត។ ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី កងយោពលខេមរភូមិន្ទ ដោយមានការសហការគាំទ្រពីនគរបាលការពារព្រំដែន បានអនុវត្តតួនាទី និងភារកិច្ចការពារបូរណភាពទឹកដីយ៉ាងគត់មត់បំផុត។ ក្នុងគ្រានេះដែរ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តជាប់ព្រំដែន បានចុះជាប់ជាប្រចាំដើម្បីផ្ដល់ការលើកទឹកចិត្ត និងឧបត្ថម្ភគាំទ្រដល់កងកម្លាំងដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន៕
Post a Comment