កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥សកម្មភាពទាហានថៃ
កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៧:៣០នាទីព្រឹក ដោយមានសកម្មភាពទាហានថៃចំនួន០៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន។
សកម្មភាពនេះគឺជាការបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ
ដែលកំណត់ពេលវេលាជាក់លាក់អំពីការបើកឱ្យចូលប្រាសាទចាប់ពីម៉ោង៩:០០ព្រឹក
និងបិទនៅម៉ោង៣:០០រសៀល។
កិច្ចព្រមព្រៀងដដែលនេះក៏បានកំណត់ថា ប្រសិនបើមានករណីសុំពន្យារពេល ឬការរៀបចំពិសេសណាមួយ ភាគីទាំងពីរត្រូវតែជូនដំណឹង និងឯកភាពគ្នាជាមុន ដើម្បីធានាបាននូវការសម្របសម្រួលដោយរលូន និងទប់ស្កាត់ការយល់ច្រឡំណាមួយកើតឡើង។
បន្ទាប់ពីប្រទះឃើញស្ថានភាពខុសប្រក្រតីបែបនេះ
កងទ័ពកម្ពុជាបានធ្វើអន្តរាគមន៍ភ្លាមៗ ប្រកបដោយការទទួលខុសត្រូវ យោគយល់
និងវិជ្ជាជីវៈខ្ពស់
ដោយបានរំឭកភាគីថៃឱ្យគោរពខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាហើយ។ ជាលទ្ធផល
ក្រុមអ្នកជិះកង់ជនជាតិថៃទាំងអស់នោះ
ក៏បានចាកចេញពីតំបន់ប្រាសាទដោយមិនមានហេតុការណ៍អ្វីកើតឡើងទេ។
កម្ពុជាស្នើឱ្យភាគីថៃប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលមានស្រាប់នេះ
ឱ្យបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព និងភាពស្មោះត្រង់។
ការអនុលោមតាមកិច្ចព្រមព្រៀងនេះមានសារៈសំខាន់ណាស់ក្នុងការរក្សាការជឿជាក់
និងការគោរពគ្នាទៅវិញទៅមក ជៀសវាងការយល់ច្រឡំដែលមិនចាំបាច់ និងទប់ស្កាត់ឧប្បត្តិហេតុអកុសលទាំងឡាយ
ជាលទ្ធផលដែលភាគីកម្ពុជាមិនចង់ឃើញ។
កងយោធពលខេមរភូមិន្ទ
នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តមិនងាករេ
ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន
និងគ្រប់គ្រងស្ថានការណ៍នៅប្រាសាទតាមាន់ធំដោយសន្តិវិធី និងប្រកបដោយការទទួលខុសត្រូវ
និងវិជ្ជាជីវៈខ្ពស់។ រាល់វិធានការទាំងឡាយដែលត្រូវបានអនុវត្ត
គឺសុទ្ធតែស្របតាមកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់
ក្នុងគោលបំណងរក្សាបាននូវបរិយាកាសអំណោយផលដល់សន្តិភាព សន្តិសុខ
និងកិច្ចសហប្រតិបត្តិការនៅតាមតំបន់ព្រំដែន ដើម្បីពង្រឹងទំនាក់ទំនងមិត្តជិតខាងល្អ
និងនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
អ្នកនាំពាក្យក្រសួងការពារជាតិ
ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥
អង្គភាពអ្នកសារព័ត៌មាន
ស៊ីអេចអ ធីវីអនឡាញ រួមផ្សាយការពារ និង
ប្រឆាំងព័ត៌មានក្លែងក្លាយ សូមតាមដានទាំងអស់គ្នា ដោយក្តីគោរព ។
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉
ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand
0633871400 សូមអរគុណ។
Post a Comment