ស្វែងយល់ពី តួនាទី ភារកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៥!
យោងតាមមាត្រា២៥ នៃអនុក្រឹត្យស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា មានតួនាទីធ្វើជាសេនាធិការក្នុងការសិក្សារៀបចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាពលើការងារបង្ការ ទប់ស្កាត់ សំដៅរួមចំណែកការពារ សន្តិសុខជាតិ រក្សាសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម។
នាយកដ្ឋាននេះ មានភារកិច្ចជាអាទិ៍មាន សិក្សារៀបចំគោលការណ៍ វិធានការ យុទ្ធសាស្ត្រ និងផែនការសកម្មភាពលើការបង្ការ ទប់ស្កាត់ ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា សហការជាមួយបណ្តាស្ថាប័នរដ្ឋ និងឯកជន ដែលផ្គត់ផ្គង់សេវាបច្ចេកវិទ្យា និងទូរគមនាគមន៍គ្រប់ ប្រភេទដើម្បីគ្រប់គ្រងលិខិតបទដ្ឋានជួល ជាវសេវាទូរគមនាគមន៍បម្រើឱ្យការស្រាវជ្រាវ ស៊ើបអង្កេតប្រមូល ភស្តុតាង និងបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
អនុក្រឹត្យដដែលបានកំណត់ទៀតថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា មានតួនាទី និងភារកិច្ច សហការជាមួយបណ្តាស្ថាប័នរដ្ឋ និងឯកជន ដែលពាក់ព័ន្ធដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងការងារ បណ្តុះបណ្តាលដើម្បីលើកកម្ពស់សមត្ថភាពចំណេះដឹងលើកិច្ចប្រតិបត្តិការ ប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រមូល និងវិភាគទិន្នន័យប្រព័ន្ធទូរគមនាគមន៍ សំដៅរកឱ្យឃើញបទល្មើស និងការគំរាមកំហែង ដល់សន្តិសុខជាតិ ដើម្បីចាត់វិធានការតាមច្បាប់ ស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់ចំពោះសកម្មភាពញុះញង់ ជេរប្រមាថ រើសអើងពូជសាសន៍ បង្កចលាចលក្នុងសង្គម តាមប្រព័ន្ធអ៊ីនធឺណិត។
ក្រៅពីនេះ គឺ ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបការជ្រៀតជ្រែកចូល និងបំផ្លិចបំផ្លាញប្រព័ន្ធព័ត៌មានវិទ្យា ការ បង្កើតមេរោគកុំព្យូទ័របំផ្លាញឯកសារ ឬបង្កការរំខានដល់ដំណើរការប្រព័ន្ធបច្ចេកវិទ្យា និងការធ្វើចារកម្មទិន្នន័យ។ស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបការបើកល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៊ីនធឺណិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា បទល្មើសក្លែងបន្លំលួចប្រាក់តាមប្រព័ន្ធធនាគារ ស្រាវជ្រាវធ្វើកោសលវិច័យ និងវិភាគទិន្នន័យក្នុងឧបករណ៍បច្ចេកទេស សំដៅរកឃើញភស្តុតាង សម្រាប់បម្រើផ្លូវច្បាប់ សហការផ្តល់ជំនួយផ្នែកបច្ចេកទេសកោសលវិច័យបច្ចេកវិទ្យាដល់ស្ថាប័ន ដែលមានសមត្ថកិច្ច ពាក់ព័ន្ធសម្រាប់បម្រើនីតិវិធីច្បាប់ សហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិដែលពាក់ព័ន្ធដើម្បីផ្លាស់ប្តូរព័ត៌មានចារកម្មសំដៅមានវិធានការទាន់ពេលវេលា ព្រមទាំងកិច្ចការមួយចំនួនទៀត។
លោកឧត្ដមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នាយកដ្ឋានបានចុះបង្ក្រាបទីតាំង Call Center ចំនួន២៥ទីតាំង និងបញ្ចប់សំណុំរឿងចំនួន២៦ករណី ចំពោះទំហំទឹកប្រាក់ដែលជនរងគ្រោះខាតបង់ ១៤២.១៤៣$ និង ២.៤៨០.០០០រៀល ក្នុងនោះឃាត់ខ្លួនជនសង្ស័យ ១៧នាក់ ស្រី៥នាក់ បានរកឃើញគេហទំព័រលេងល្បែងអនឡាញខុសច្បាប់ចំនួន ១០៩គេហទំព័រ និងបានដាក់សំណើស្នើសុំបិទទៅក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍។ លោកបន្តថា នាយកដ្ឋានក៏បានចុះបង្ការ និងទប់ស្កាត់តាមប្រព័ន្ធបច្ចេកវិទ្យា ដោយប្រឹក្សាយោបល់តាមបណ្ដេញសង្គម ៣.៣៨៨ករណី និងតាមទូរសព្ទ Hotline ១៥៦ករណីផងដែរ។
លោកឧត្តមសេនីយ៍ទោ បានគូសបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញថាមានបទល្មើសធំៗ ដូចជាការក្លែងបន្លំអត្តសញ្ញាណអ្នកដទៃ ការអូសទាញជនរងគ្រោះឱ្យផ្ទេរប្រាក់ជំនួសគឺមានការកើនឡើង។ ក្រៅពីនោះក៏មានការឆបោកតាមទំនាក់ទំនងស្នេហា ឆបោកវិនិយោគ ឆបោកទិញអីវ៉ាន់តាមប្រព័ន្ធអនឡាញផងដែរ។ ប៉ុន្តែដោយមានយន្តការរបស់អាជ្ញាធរ និងអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការសហការជាមួយស្ថាប័ននានាមានទាំងឯកជន និងប្រជាពលរដ្ឋ គឺតាមរយៈការចូលរួមផ្សព្វផ្សាយ អប់រំទៅតាមបណ្ដាញសង្គម និងមានការចុះបង្ក្រាបផងនោះ ប្រជាពលរដ្ឋក៏មានការប្រុងប្រយ័ត្នជាងមុនដែលបណ្ដាលឱ្យបទលើ្មសឆបោកវិនិយោគមានការថយចុះ។
សូមបញ្ជាក់ថា នាយកដ្ឋាននេះមានការិយាល័យចំណុះចំនួន៧ ក្នុងនោះមាន ១. ការិយាល័យរដ្ឋបាលសរុប ២.ការិយាល័យសន្តិសុខលើវិស័យទូរគមនាគមន៍ ៣.ការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា ៤.ការិយាល័យប្រឆាំងបទលើ្មសហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យា ៥.ការិយាល័យប្រឆាំងបទល្មើសសង្គមបច្ចេកវិទ្យា ៦.ការិយាល័យកោសល្យវិច័យបច្ចេកវិទ្យា និង៧. ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី៕
ដោយ កញ្ញា សេង សុខហ៊ុន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ
អង្គភាពអ្នកសារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ រួមផ្សាយការពារ និង ប្រឆាំងព័ត៌មានក្លែងក្លាយ សូមតាមដានទាំងអស់គ្នា ដោយក្តីគោរព ។
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។
Post a Comment