ទណ្ឌិតចំនួន ២២នាក់ ក្នុងពន្ធនាគាខេត្តបន្ទាយមានជ័យ ត្រូវបានបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
(បន្ទាយមានជ័យ) ពន្ធនាគារខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន ២២នាក់ ក្នុងនោះស្រី២នាក់ មានរយៈពេល ៣ខែ និងរយៈពេល ៦ខែ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពលោក ឃូ ពៅ អភិបាលរងតំណាងឲ្យឯកឧត្ដម អ៊ំុ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ លោក ប៉ង់ ចាន់សុយុទ្ធារ៉ា ព្រះរាជអាជ្ញារង តំណាងឯកឧត្ដម ព្រះរាជអាជ្ញាអយ្យការ អមសាលាដំបូងខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំ ពន្ធនាគារខេត្ត ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។
បើតាមរបាយការណ៍របស់មន្ត្រីពន្ធនាគា ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖ ពន្ធនាគាខេត្តបានធ្វើការអនុវត្តចូលរួមប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោសជារៀងរាល់ឆ្នាំ ចំពោះទណ្ឌិតដែលបានខិតខំកែប្រែខ្លួន នៅពេលជាប់ឃុំឃាំង ចឹងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់នេះ គឺបាន ២២នាក់ ស្រី ២នាក់ ត្រូវបន្ធូរបន្ថយទោសនោះ។
មន្ត្រីពន្ធនាគាបានបន្តថា បច្ចុប្បន្នអ្នកជាប់ពន្ធនាគា គឺមានការកើនឡើងជិត ៣០០០នាក់ ហើយក្នុងនោះមន្ត្រីរបស់យើង បានអនុវត្តតួនាទីភារកិច្ច របស់ខ្លួនដូចជាការអប់រំកែប្រែ ស្ដារនីតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ដល់ជនជាប់ឃុំ មានការអប់រំផ្លូវចិត្តព្រមទាំងបណ្ដុះបណ្ដាលជំនាញផ្សេងៗ ចំណុចនេះអង្គភាពបានយកចិត្តទុកដាក់ ធ្វើការបែងចែក ចំណាប់ថ្នាក់សន្តិសុខដែលជាមូលដ្ឋានសម្រាប់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតស្របតាមនីតិវិធីច្បាប់។
ក្នុងនោះលោក ប៉ង់ ចាន់សុយុទ្ធារា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងលោក ឃូ ពៅ អភិបាលរួមខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះថ្នាក់ដឹកនាំពន្ធនាគារខេត្ត និងមន្ត្រីក្រោមឱវ៉ាទ ដែលបានធ្វើការខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ ក្នុងនោះ បានពិនិត្យ វាយតម្លៃ លើសកម្មភាព អនុវត្តគុណសម្បត្តិ នៃរយៈពេលការជាប់ឃុំ របស់ទណ្ឌិត ហើយវាយតម្លៃ ស្នើសុំបន្ធូរបន្ថយទោសនាពេលនេះ។ជាក់ស្ដែងអង្គភាពពន្ធនាគាខេត្ត បានទទួលព្រះរាជក្រឹត្យបន្ធូរបន្ថយទោស ដល់ទណ្ឌិតក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ ចំនួន ២២នាក់ ស្រី ២នាក់ ក្នុងនោះបន្ធូរបន្ថយទោស ៣ខែ ចំនួន ២០នាក់ និងបន្ធូរបន្ថយទោស ៦ខែ ចំនួន ២នាក់ផងដែរ។
លោក ឃូ ពៅ ក៏បានផ្តាំផ្ញើរដល់ទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោស ឲ្យធ្វើការផ្សព្វផ្សាយអំពីការបន្ធូរបន្ធយទោសរបស់ខ្លួន ទៅកាន់ទណ្ឌិតផ្សេងៗទៀត ក្នុងគោលដៅឲ្យចូលរួមគោរព អនុវត្ត បទបញ្ជាផ្ទៃក្នុង វិធាននានារបស់ពន្ធនាគារ និងព្យាយាមកែប្រែខ្លួនឲ្យក្លាយជាពលរដ្ឋល្អ ដើម្បីត្រៀមចូលមករួមរស់នៅក្នុងសហគមន៍ក្រោយពេលអនុវត្តទោសចប់សព្វគ្រប់៕
Post a Comment