សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភប្រាក់ចំនួន ១ម៉ឺនដុល្លារ និងទិញដីឱ្យគ្រួសារក្មេងស្រី ស៊ុន ស្រីតី (ចៅស្រីតូចលក់ផ្កា)ដើម្បីសាងសង់ជម្រក ---------------------

 


ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមគ្រួសាររបស់ចៅស្រី ស៊ុន ស្រីតី(ចៅស្រីតូចលក់ផ្កា) ចូលជួបតាមសន្យានៅភូមិគ្រឹះតាខ្មៅ ខេត្តកណ្ដាល។


សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងនៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចនាល្ងាចនេះថា បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សារបស់ចៅៗគឺមានជីវភាពលំបាក កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី (គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះដែរ គឺកំពុងបង់រំលោះម៉ូតូ១គ្រឿងដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃ ដែលប្រាក់ចំណូល និងសន្សំទាំងប្ដី និងប្រពន្ធ គឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុណ្ណោះ។


សម្ដេចតេជោ បន្តថា គ្រួសារចៅស្រីតី មានសមាជិក៥នាក់ រួមមាន៖ ឪពុកឈ្មោះ សេង រិទ្ធ អាយុ ៤០ឆ្នាំ មុខរបរ អ្នកបោចវល្លិ៍ ដកផ្សិត និងស៊ីឈ្នួលប្រក់ដំបូលផ្ទះ ម្ដាយឈ្មោះ ទិត្យ ម៉ុម អាយុ ៤៤ឆ្នាំ មុខរបរលក់ផ្កា និងចាប់ហួយបន្តិចបន្តួចលើភ្នំគីរីរម្យ មានកូន៣នាក់ក្នុងបន្ទុក ក្នុងនោះ ១.ឈ្មោះ ស៊ុន ស្រីល័ក្ខ ភេទស្រី អាយុ១៦ឆ្នាំ ឈប់រៀនថ្នាក់ទី៧ , ២.ឈ្មោះ ស៊ុន ដេវីត ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣ នៅសាលាដូងលើភ្នំគីរីរម្យ, ៣.ឈ្មោះ ស៊ុន ស្រីតី ភេទស្រីអាយុ ៤ឆ្នាំ (ចៅស្រីលក់ផ្កា) មិនទាន់ចូលរៀន។

សម្ដេច បានឱ្យដឹងទៀតថា ឪពុកម្ដាយចៅស្រីតីបានឱ្យដឹងថា ចៅស្រី ស៊ុន ស្រីតី ជាកូនស្រីឆ្លាត ចាប់ពីពេលចេះនិយាយមក គឺនិយាយច្រើន ហើយតែងតែទារយកផ្កាដែលម្ដាយក្រងរួចទៅលក់នៅមាត់ផ្លូវជាមួយម្ដាយ ក្នុងខណៈនៃការគោរពជម្រាបសម្ដេចតេជោ ចៅស្រី តី បានជជែកលេងជាមួយសម្ដេចតេជោជាច្រើនផងដែរ។

ដោយមើលឃើញពីភាពលំបាកនៅក្នុងគ្រួសារក្មេងស្រីតី សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ប្រាក់ដុល្លារចំនួន ១ម៉ឺនដុល្លារ (10,000$) និងប្រាក់រៀលចំនួន ៣០លានរៀល ដោយដាក់ចូលគណនីធនាគារឱ្យ ដើម្បីសម្រួលដល់ការរស់នៅរបស់គ្រួសារចៅស្រីតី។


ជាមួយគ្នានេះ សម្ដេចតេជោ ក៏នឹងផ្ដល់១លានរៀលក្នុង១ខែ រយៈពេល៣ឆ្នាំ ព្រមទាំងទិញដីសម្រាប់ធ្វើផ្ទះឱ្យ និងដីសម្រាប់ធ្វើចម្ការនៅខាងក្រោមភ្នំគិរីរម្យជាប់ផ្លូវធំ ដែលអាចប្រកបរបរលក់ចាប់ហួយ អាចធ្វើចម្ការ និងចញ្ចឹមសត្វបាន ពិសេសគឺកាន់តែងាយស្រួលសម្រាប់កូនៗ ទៅសាលារៀន ដោយលោក សេង ទៀង នឹងទទួលរៀបចំកិច្ចការនេះ៕











Powered by Blogger.