អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅដើមខែមិថុនា ខាងមុខនេះ
ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា៖ ឯកឧត្តម Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តមបន្តថា៖ កម្ពុជាកំពុងសម្របសំរួលរៀបចំអោយមានជំនួបរវាង ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិ ជាមួយថ្នាក់ដឹកនាំកម្ពុជា តាមសំណើរបស់ភាគីអាមេរិក។
ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អាមេរិក បាន និងកំពុងត្រូវបានលើកកម្ពស់នៅក្នុងវិស័យនានាជាច្រើន ។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នឹងជាឱកាសដ៏ល្អមួយទៀតសម្រាប់ប្រទេសទាំងពីរ ក្នុងការជំរុញ បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។
ដំណើរទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅខណៈកម្ពុជាកំពុងត្រៀមខ្លួនទទួលតួនាទីជាប្រទេសសម្របសម្រួល សម្រាប់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-អាមេរិក រយៈពេលបីឆ្នាំ ពីឆ្នាំ ២០២៤-២០២៧ ក្នុងពេលឆាប់ៗនេះ៕
Post a Comment