លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ( ប្លង់រឹង ) ជូនប្រជាពលរដ្ធស្ថិតក្នុងភូមិក្រាំងស្គារ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ( ប្លង់រឹង ) ជូនប្រជាពលរដ្ធស្ថិតក្នុងភូមិក្រាំងស្គារ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅសាលាបុណ្យភូមិក្រាំងស្គារ និងមានការចូលរួមពី អាជ្ញាធរស្រុកទឹកផុស មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសិរិយោដីខេត្ត មន្ទីរស្ថាប័នជុំវិញខេត្ត អាជ្ញាធរឃុំ តំណាងធនាគារឯកជន និងប្រជាពលរដ្ឋជាម្ចាស់ទ្រព្យផងដែរ ។
លោក ឈុន សុខកុម្ភ: អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសិរិយោដីខេត្ត បានបញ្ជាក់ឱ្យដឹងថា ភូមិក្រាំងស្គារត្បូង ជាភូមិមួយដែលក្រុមការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធបានអនុវត្តតាមនីតិវិធីគ្រប់ដំណាក់ការរហូតមកដល់ដំណាក់កាលទី៥ នៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ដែលនៅពេលនេះ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំងបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១៨៣១បណ្ណ សម្រាប់យកទៅប្រើប្រាស់តាមតម្រូវការ ស្របតាមច្បាប់ ។
លោកសាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ជកោណ-ដំណាក់កាលទី១ ដើម្បី កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្តោតជាសំខាន់លើ "ប្រសិទ្ធភាពសមិទ្ធកម្ម" និងតែងតែគិតគូ គាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋ គ្រប់ភូមិសាស្ត្រទូទាំងប្រទេសឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត សម្រាប់ការផ្តល់បណ្ណកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និង បទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ។
លោក អភិបាលរងខេត្ត បានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះ ប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តដែលជាប្រតិបត្តិករផ្ទាល់ និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ នៅក្នុងដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឲ្យបានចេញជាផ្លែផ្កា ដូចបានឃើញនាពេលនេះ។
Post a Comment