សិក្ខាសាលាផ្សព្វផ្សាយស្ដីពីការលើកកម្ពស់សិទ្ធិ តួនាទី និងតម្លៃស្ត្រីក្នុងវិស័យទេសចរណ៍
(បន្ទាយមានជ័យ) មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យបានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការលើកកម្ពស់សិទ្ធិ តួនាទី និងតម្លៃស្ត្រីក្នុងវិស័យទេសចរណ៍ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក អភិបារងខេត្ត លោក លោកស្រី អភិបាល.អភិបាលរងក្រុង ស្រុក ប្រធាន.អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សិស្សនិស្សិត យុវជន ស.ស.យ.ក ខេត្ត និងយុវជនកាក់បាទក្រហមខេត្ត ព្រមទាំងលោក លោកស្រីម្ចាស់មូលដ្ឋាន អាជីវកម្ម សេវាកម្មទេសចរណ៍ក្នុងខេត្ត ប្រមាណជាង២០៣នាក់ ស្រី១៣៧នាក់ សិក្ខាសាលានេះធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។
លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានឡើងអញរបាយការណ៍ហើយដឹងថា៖ ស្ថិតិភ្ញៀវទេសចរណ៍បរទេសក្នុងរយៈពេល ៤ខែដើមឆ្នាំ ២០២៤ ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានចំនួន៥៩៧.៤៦៦នាក់ កើនឡើង២០,៥៥% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន៤៩៥.៦១១នាក់ មាន១០២សញ្ជាតិ មានការកើនឡើង៣,០៣% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ មានចំនួន៩៩សញ្ជាតិ។ សម្រាប់សតិភ្ញៀវទេសចរណ៍ផ្ទៃក្នុងធ្វើដំណើរកំសាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តរយៈពេល៤ខែ ដើមឆ្នាំ២០២៤ មានចំនួន៩៥៥.៤៥០នាក់ កើនឡើង១៣,២៧៖ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន៨៤៣.៤៧១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៩៤៩.២៥៧នាក់ មានការកើនឡើង១២,៩៧% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន៨៤០.២២៣នាក់ ភ្ញៀវអន្តរជាតិមានចំនួន៦.១៩៣នាក់ មានការកើនឡើង៩០,៦៧% បើកប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន៣.២៤៨នាក់។
លោក ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានបន្តថា៖ ស្ថិតិភ្ញៀវទេសចរណ៍ស្នាក់នៅ ហូបចុក ក្នុងខេត្តរយៈពេល ៤ខែដើមឆ្នាំ២០២៤ មានចំនួន៤២.០៦៥នាក់ កើនឡើង១៣៨,៩៩% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ មានចំនួន១៧.៦០១នាក់។ ក្នុងនោះភ្ញៀវជាតិមានចំនួន៤០.១៣០នាក់ មានការកើនឡើង១៣១,៩៩% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន១៧.៣៥៨នាក់ ភ្ញៀវអន្តរជាតិមានចំនួន១.៩៣៥នាក់ មានការកើនឡើង១៣១,១៩% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន២៤៣នាក់។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវបណ្ឌិត ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្ត និងក្រុមការងារដែលបានចូលរួមសហការខិតខំប្រឹងប្រែងអនុវត្តទួនាទីរបស់ខ្លួន និងលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការចូលរួមយ៉ាងសកម្ម ដើម្បីសម្រេចបានសមិទ្ធផលជាច្រើនក្នុងវិស័យទេសចរណ៍។
លោកជំទាវបណ្ឌិត ហ៊ុន ដានី បានមានប្រសាសន៍បញ្ជាក់ថាក្រសួងទេសចរណ៍បានចាត់ទុកស្ត្រីគឺជាកម្លាំងចលករ ដ៏មានសក្តានុពល និងជាភាគីពាក់ព័ន្ធមិនអាចខ្វះបាន។ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារសហគមន៍និងសង្គមសេដ្ឋកិច្ច។ ហើយកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តសកម្មភាពនានាជាពិសេសជំរុញការលើកកម្ពស់ សិទ្ធិ តួនាទី តម្លៃស្ត្រី និងបង្កើនភាពអង់អាចដល់ស្ត្រី ដែលជាមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួង និងស្ត្រី ដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍ ជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយជ័យភាព និងបរិយាបន្ន៕
Post a Comment