រដ្ឋមន្រ្តីមហាផ្ទៃឯកភាពឱ្យពិនិត្យលើសំណើសុំធ្វើតេស្តរកសារធាតុញៀនលោកយិន គារឡើងវិញ
ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឯកភាពឲ្យពិនិត្យឡើងវិញ ករណីទម្លាក់ស័ក្ដិលោកឧត្តមសេនីយ៍ឯក យិន គារ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ មកថ្នាក់ទាបបំផុត គឺពលបាលត្រី តាមសំណើរបស់សាមីខ្លួន ក្រោយមន្រ្តីនគរបាលរូបនេះ ត្រូវបានរកឃើញសារធាតុញៀន ពេលធ្វើតេស្ត។
លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់បណ្ដាញព័ត៌មាន ក្នុងស្រុក ឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះថា ករណីទម្លាក់ស័ក្ដិរបស់លោកឧត្តមសេនីយ៍ឯក យិន គារ មកថ្នាក់ទាបបំផុតក្នុងជួរនគរបាលនោះ សាមីខ្លួនបានដាក់លិខិតគោរស្នើសុំ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីធ្វើការពិនិត្យរកសារធាតុញៀនរបស់លោកឡើងវិញ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដើមចមនៃការទម្លាក់ស័ក្ដិរបស់លោកឧត្តមសេនីយ៍ឯក យិន គារ ផ្ដើមចេញពីការពិនិត្យរកសារធាតុញៀនហើយរកឃើញវិជ្ជមាន ខណៈសាមីខ្លួនបានអះអាង តាមលិខិតដែលស្នើទៅកាន់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃថា ខ្លួនមិនបានជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀនឡើយ ពោលនៅថ្ងៃពិនិត្យបានពឹងឲ្យគេជួយបិទលេខកូដ លើឧបករណ៍ពិនិត្យទឹកនោមរបស់ខ្លួន ហើយពេលនោះរូបលោកបានចូលបន្ទប់ធ្វើការវិញ ដោយមិនបានឃើញលទ្ធផលនោះទេ។
យ៉ាងណាមិញ តាមរយៈលិខិតស្នើសុំនេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានចារឯកភាពឲ្យធ្វើការពិនិត្យឡើងវិញ ដោយបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដែលជាអង្គភាពសាមី។ ដោយឡែក សម្រាប់លទ្ធផលយ៉ាងណានោះ នឹងធ្វើការពិនិត្យសម្រេចក្រោយ៕
Post a Comment