អាជ្ញាធរខេត្តកំពង់ស្ពឺ កំណត់មុខសញ្ញារួចហើយ ពាក់ព័ន្ធនឹងករណី បាញ់បោះនៅលើខ្នងភ្នំគីរីរម្យ

 កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានប្រតិកម្មខ្លាំងៗ និងដាក់បទបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនឱ្យបានជនជាខ្មាន់កាំភ្លើង និងបក្សពួក ដែលបានបាញ់បោះនៅលើខ្នងភ្នំគីរីរម្យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ទោះជាកូនលោកធំ ឬផ្កាយប៉ុន្មានក៏ដោយ

ឯកឧត្តម វ៉ី សំណាង បានដាក់បទបញ្ជាដូចនេះ ក្នុងកិច្ចប្រជុំគណកម្មការអុំទូក នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកបានគូសបញ្ជាក់ថា ខ្មាន់កាំភ្លើង ត្រូវបានកំណត់មុខសញ្ញារួចហើយ ដូច្នេះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែនាំខ្លួនមកទទួលទោសចំពោះមុខច្បាប់ឱ្យខានតែបាន ទោះជាបុគ្គលនោះមានតួនាទី បុណ្យសក្តិ និងកូនអ្នកធំណាក៏ដោយ។

 ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា រាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្ត បានខិតខំរក្សានូវសុខសន្តិភាព និងសន្តិសុខ ដើម្បីឱ្យអ្នកវិនិយោគ និងភ្ញៀវ គេមករកស៊ីបណ្តាក់ទុន និងមកលេងកម្សាន្ត ប៉ុន្តែត្រូវបានភិតភ័យដោយក្រុមខ្មាន់កាំភ្លើងទាំងនេះ ដូច្នេះមិនត្រូវលើកលែងឱ្យឡើយ។

ម្យ៉ាងវិញទៀត ដើម្បីជៀសវាងការភ័យខ្លាចពីអសន្តិសុខរបស់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានកុំមានការភិតភ័យ ហើយអាចរស់នៅ និងបន្តលេងកម្សាន្តធម្មតា ព្រោះរដ្ឋបាលខេត្តបាននិងកំពុងមានចំណាត់ការលើក្រុមទាំងនេះហើយ។

សូមបញ្ជាក់ថា ខ្មាន់កាំភ្លើងដែលសមត្ថកិច្ចបានកំណត់មុខសញ្ញារួចរាល់ មានឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែលជា២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាម្ចាស់ទីតាំងផ្ទះលំហែរ ស្ថិតនៅចំណុចភូមិថ្មី(ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងលោក ស៊ិន វិរៈ ក៏បានដឹកនាំក្រុមការងារចុះទៅដល់ទីតាំងផ្ទុះអាវុធនោះហើយដែរ ដើម្បីពិនិត្យស្រាវជ្រាវឈានដល់ការកសាងនីតិវិធីចាត់ការចំពោះជនខ្មាន់កាំភ្លើង និងបក្សពួក៕

Powered by Blogger.