ជនសង្ស័យ២នាក់ត្រូវបានអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់
(បន្ទាយមានជ័យ) អង្គភាពមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចបន្ទប់ជួល គ្មានឈ្មោះ ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្ម នៅវេលាម៉ោង០៥និង៣០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចុះប្រតិបត្តិការដល់កន្លែងលើតហេតុ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនម្សៅក្រាមសថ្លា ចំនួន០៣ថង់កិប (ធំ២ តូច១) ទូរសព្ទ អាយហ្វូន៧ ពណ៌ខ្មៅ ចំនួន១គ្រឿង និងសម្ភារ:សម្រាប់ជក់គ្រឿងញៀនមួយចំនួន ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានប្រាប់ឱ្យដឹងថា ជនសង្ស័យ១-ឈ្មោះ ថោង ធីស៊ីន ហៅក្រៅន លីន ភេទប្រុស អាយុ៤២ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
២-ឈ្មោះ សុភ័ណ ធារីរ័ត្ន ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យទាំង២នាក់ ក្រោយពីកម្លាំងជំនាញសួរនាំរួច ឈ្មោះ ថោង ធីស៊ីន ហៅ លីន បានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមកទុកសម្រាប់លក់ផង និងប្រើប្រាស់ខ្លួនឯងផង។ ចំណែកឈ្មោះ សុភ័ណ ធារីរ័ត្ន បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ព្រោះខ្លួនក៏ធ្លាប់ជាប់នៅមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់ម្ដងដែរ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងទៀតថា ដោយផ្អែកលើចម្លើយ សារភាព និងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញគ្រឿងញៀន មូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ការបង្រ្កាបករណីខាងលើក៏ទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយនៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣នេះ៕
Post a Comment