ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដឹកនាំវេនប្រចាំការក្រុមទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ



រាជធានីភ្នំពេញ ៖ ដើម្បីធានាបានការបញ្ជាដឹកនាំកិច្ចប្រតិបត្តិការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្របពេលដែលប្រជាពលរដ្ឋ ត្រូវបានធ្វើដំណើរទៅស្រុកកំណើតប្រកបដោយសុវត្ថិភាព និងរបៀបរៀបរយបានល្អប្រសើរក្នុងឱកាសរាជរដ្ឋាភិបាលអនុញ្ញាតឲ្យមន្ត្រីរាជការ និយោជិត កម្មករឈប់សម្រាករយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣) ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំវេនប្រចាំការក្រុមទី២ (ប្រចាំការ២៤ម៉ោង លើ២៤ម៉ោង) ត្រូវនឹងថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ នៅនាយកដ្ឋានអង្គរក្ស។


ក្នុងវេនប្រចាំការក្រុមទី២នេះ រួមមាន ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ប្រធាន ,ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ អនុប្រធាន ,ឯកឧត្តម ឧត្តមសេនិយ៍ឯក ព្រំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ អនុប្រធាន, ឯកឧត្តម ឧត្តមសេនីយ៍ទោ សុង លី អគ្គស្នងការរងនគរបាលជជាតិ អនុប្រធាន និងឯកឧត្តមអនុប្រធាននាយកដ្ឋានកណ្តាល ឯកឧត្តមប្រធាន អនុប្រធាននាយកដ្ឋាន-អង្គភាព ជាសមាជិក។

ក្រុមប្រចាំការតាមវេននីមួយៗ មានភារកិច្ចប្រមូលផ្តុំនូវសភាពការណ៍តាមបណ្តារាជធានី-ខេត្ត សហការទទួលព័ត៌មានទាន់ហេតុការណ៍នានា ដែលកើតមានឡើងជាយថាហេតុក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ព្រមទាំងបូកសរុបរបាយការណ៍ប្រចាំថ្ងៃ ជូនថ្នាក់ដឹកនាំ ដើម្បីជ្រាប និងចង្អុលដឹកនាំ។

បញ្ជាក់ ៖ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ មានបញ្ហា ឬប្រទះឃើញបទល្មើសណាមួយ សូមរាយការណ៍ មកកម្លាំងសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ ទាន់ពេលវេលា សូមទាក់ទងមកលេខទូរស័ព្ទទាន់ហេតុការណ៍ «Hot Line» ១១៧ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រចាំបញ្ជា ២៤ម៉ោង លើ២៤ម៉ោង៕
















Powered by Blogger.