រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងអំណរ គុណចំពោះអូស្ត្រាលីដែលមានកិច្ សហប្រតិបត្តិការល្អ ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

 ផ្សាយចេញនៅថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៣


 រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងអំណរ គុណចំពោះអូស្ត្រាលីដែលមានកិច្ចសហប្រតិបត្តិការល្អ ហើយបាននិងកំពុងបន្តចូលរួមគាំទ្រក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសការអភិវឌ្ឍពូជស្រូវចំប៉ីស៧០ ។

 ការថ្លែងអំណរគុណនេះ បានធ្វើ ឡើងក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសំដែងការគួរសមជាមួយ ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ 

ឯកឧត្តមរដ្ឋមន្ដ្រី បានមាន ប្រសាសន៍ថា ពូជស្រូវចំប៉ីស៧០ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដ៏ប្រសើររវាងកម្ពុជានិងអូស្ត្រាលី នៅក្នុងវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្ដ្រីបានលើកឡើងថា ការងារទៅថ្ងៃមុខ គឺសិក្សាអំពីខ្សែច្រវាក់ផលិតកម្មនៃពូជស្រូវចំប៉ីស៧០ ដើម្បីធានាបាននូវទីផ្សារជាក់លាក់មួយសម្រាប់កសិករដែលផលិតពូជស្រូវនេះនាពេលអនាគត ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអាទិភាពបន្ទាន់ចំនួន៦ ដែលក្នុងនោះ ក៏មានផងដែរ គោលនយោ បាយទាក់ទងនឹងវិស័យកសិកម្ម ជាអាទិ៍ ការដាក់ពង្រាយមន្ដ្រីកសិកម្មនៅតាមឃុំដែលមានសកម្មភាពកសិកម្ម ដើម្បីជួយដល់កសិករ និងការពង្រឹងសហគមន៍កសិកម្ម ។ 


ទាក់ទងទៅនឹងការអភិវឌ្ឍធន ធានមនុស្ស ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីតម្រូវការចាំបាច់របស់និស្សិតសិក្សាផ្នែកកសិកម្ម ដែលត្រូវការការពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរ ក្នុងផ្នែកភាសា នវានុវត្តន៍ និងបច្ចេកវិទ្យា។ 

ក្នុងឱកាសនោះ ឯកឧត្តមបញ្ជាក់ពីការស្វាគមន៍ចំពោះការគាំទ្រពីសំណាក់ភាគីអូស្ត្រាលី ក្នុងការផ្ដល់សាស្ត្រាចារ្យមកបង្រៀននិស្សិតក្នុងផ្នែកទាំងនេះផងដែរ៕

Powered by Blogger.