ឯកឧត្តម ប៉េង ពោធិ៍នា បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) រសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ ព្រមទាំងផ្តល់ជូនសម្ភារជួសជុល ថែទាំផ្លូវ ផ្លាកសញ្ញាចរាចរណ៍ ជំនួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិងគណៈប្រតិភូអមដំណើររួមមាន ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំក្រសួង លោកប្រធានមន្ទីរ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ធ្វើនៅបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានឡេីងរាយការណ៍ពីសមិទ្ធផលដែលសម្រេចបាន បច្ចុប្បន្នភាពការងារដែលកំពុងអនុវត្ត ទិសដៅការងារបន្ត និងសំណូមពរមួយចំនួនជាអាទិភាព ជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីរួចមក។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានកិច្ចសហការការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការអភិវឌ្ឍន៍ ស្ដារ សាងសង់ ជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដូចជាផ្លូវថ្នល់ ស្ពាន ផ្លូវដែក ស្ថានីយចម្រុះទឹកកខ្វក់ ប្រព័ន្ធបង្ហូរទឹក និងសំណង់សិល្បការ្យផ្សេងៗ និងជំរុញការផ្ដល់សេវាសាធារណៈប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពរួមគ្នា។
ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូនអង្គពិធី អំពីយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានផ្តល់អាទិភាពគន្លឹះចំនួន៥ គឺ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។
ឯកឧត្តមបញ្ជាក់ថា ក្រសួងបានយកចិត្តទុកដាក់យ៉ាងសំខាន់ លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើនប្រសិទ្ធភាពការងារ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការផ្តល់សេវាសាធារណៈ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការកោតសរសេីរ និងសាទរដែលឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការកោធសរសើរចំពោះការខិតខំប្រឹងប្រែង របស់មន្ទីរ ក្នុងការបំពេញការងារជំនាញរបស់ខ្លួន និងបានផ្តល់អនុសាសន៍ឱ្យបន្តថែរក្សា ការពារសមិទ្ធផលដែលបានកសាងក្នុងអាណត្តិទី៦ និងអាណត្តិកន្លងទៅ និងត្រូវបន្តជំរុញការធ្វេីកំណែទម្រង់ ព្រមទាំងជំរុញការអភិវឌ្ឍ បន្ថែមទៀតតាមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕
Post a Comment