អភិបាលខេត្តកំពង់ចាម អញ្ជើញចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាសអចលនវត្ថុ៦៥០ក្បាលដី ដល់ពលរដ្ឋនៅឃុំព្រែកតានង់ ស្រុកកោះសូទិន
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ឮអចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋជាម្ចាស់ដីចំនួន៦៥០ក្បាលដី ស្មើនឹង៣៧៧កម្មសិទ្ធិករ នៅភូមិទី៥ នៅឃុំព្រែកតានង់ ស្រុកកោះសូទិន។
ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម បានកោតសសើរក្រុមការងារចុះបញ្ជីដីធ្លី និងស្ថាប័ន-អង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសម្រេចកិច្ចការនេះដោយស្មារតីទទួលខុសត្រូវ និងតម្លាភាព។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្បាលដីដែលពលរដ្ឋបានចុះបញ្ជីនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានកម្មសិទិ្ធនេះ គឺជាការបានបំពេញលក្ខខណ្ឌគ្រឹះដ៏រឹងមាំដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខខណ្ឌសំខាន់សម្រាប់ការប្រើប្រាស់ប័ណ្ណដី ដោយការដាក់ធានាខ្ចីប្រាក់នៅធនាគារ ដើម្បីយកដើមទុនមកប្រើប្រាស់សម្រាប់ធ្វើអាជីវកម្មផ្សេងៗក្នុងការកែលម្អជីវភាពរស់នៅផងដែរ។
ដូច្នេះការចុះបញ្ជីដីធ្លី គឺជាការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលនឹងជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល ហើយកត្តានេ ពិតជានឹងកាត់បន្ថយភាពក្រីក្រ ដែលជាគោលដៅចុងក្រោយ នៃគោលនយោបាយជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមអភិបាលខេត្តបញ្ជាក់ទៀតថា ប័ណ្ណកម្មសិទិ្ធដែលពលរដ្ឋទទួលនៅថ្ងៃនេះ ជាឯកសារមួយសំខាន់ណាស់ ជាឯកសារតំណាងឱ្យទ្រព្យរបស់ខ្លួន ជាឯកសារតំណាងកម្មសិទិ្ធដែលជាសិទិ្ធផ្តាច់មុខរបស់កម្មសិទិ្ធករ លើដីធ្លីរបស់ខ្លួនក្នុងការប្រើប្រាស់ និងអាស្រ័យផលក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ ការផ្ទេរមរតកទៅឱ្យកូនចៅ ដោយអនុលោមតាមការកំណត់នៃច្បាប់ អាស្រ័យហេតុនេះសូមម្ចាស់កម្មសិទ្ធិរក្សាប័ណ្ណនេះ ឱ្យបានល្អបំផុត.
Post a Comment