លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសស៉ើបអង្គេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុកាស៉ីណូ
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសស៉ើបអង្គេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុកាស៉ីណូ ដល់សិក្ខាកាមនគរបាល៥៦រូបនៅស្នងការដ្ឋាននគរបាលខេត្ត។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង ចំនួន១១រូប លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ លោកអធិការ អធិការរងគ្រប់បណ្តាក្រុងស្រុក មេបញ្ជាការវរ:ទាំង៤ សិក្ខាកាមចូលរួមវគ្គចំនួន៥៦រូប ស្រី១រូប។ វគ្គបណ្តុះបណ្តាលនេះមានរយះពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឡើងអានរបាយការណ៍បូកសរុប អំពីលទ្ធផលបើកវគ្គបំប៉នដល់សិក្ខាកាមនៅនិងកន្លែង។ វគ្គសិក្សានេះមានសិក្ខាកាម៥៦នាក់ មានគ្រូឧទ្ទេសនាម៣រូប សិក្សាលើ៩មុខវិជ្ជា រយះពេល២សប្តាហ៍។ ក្រោយសិក្សាអាចវាយតម្លៃបានថា សិក្ខាកាមបានយកចិត្តទុកដាក់ យល់ដឹងពីច្បាស់និងទទួលបានលទ្ធផលល្អ គួរជាទីមោទនៈ។
ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ដែលបានប្រឹងប្រែងទាំងការងារស្នូល និងការងារបណ្តុះបណ្តាល និងចែករំលែកចំណេះដឹង ដល់សិក្ខាកាម។ ក្រោយទទួលបានការរៀនសូត្រសូម សិក្ខាកាមជានគរបាលទាំងអស់ត្រូវ យកចំណេះ ជំនាញ វិជ្ជាជីវ: ទាំងនេះទៅប្រើប្រាស់ ដើម្បីអនុវត្តន៍នីតិវិធី ការងារប្រចាំថ្ងៃឲ្យមានប្រសិទ្ធិភាព។
លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានជម្រុញដល់ថ្នាក់ដឹកនាំគ្រប់អង្គភាពជំនាញ លោកអធិការនគរបាលគ្រប់ក្រុង-ស្រុក មេបញ្ជាការវរ:ទាំង៤ ត្រូវពង្រឹងនិងយកចិត្តទុកដាក់បង្ក្រាប រាល់-បទល្មើសព្រហ្មទណ្ឌ -បទល្មើសជួញដូរគ្រឿងញៀន និង -បទល្មើសជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទគ្រប់ទំរង់៕
Post a Comment