យើងទាំងអស់គ្នា ជាពិសេសយោធិន គួរមានការប្រុងប្រយ័ត្ន ក្នុងការចែកចាយអំពីការចល័ត សកម្មភាព សព្វាវុធ និងទីតាំងឈរជើងរបស់កងទ័ពជួរមុខកម្ពុជា ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ
យើងទាំងអស់គ្នា ជាពិសេសយោធិន គួរមានការប្រុងប្រយ័ត្ន ក្នុងការចែកចាយអំពីការចល័ត សកម្មភាព សព្វាវុធ និងទីតាំងឈរជើងរបស់កងទ័ពជួរមុខកម្ពុជា ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ តាមបណ្តាញសង្គម ពីព្រោះថាការចែករំលែកព័ត៌មានទាំងនេះមិនបានចំណេញអ្វីដល់ជាតិ និងកងទ័ពយើងឡើយ មានតែខាតបង់ ហើយហ៊ុចប្រយោជន៍ទៅឱ្យសត្រូវទៅវិញទេ។
ក្រោយមានហេតុការណ៍ប៉ះទង្គិចគ្នា (មិនមែនសង្គ្រាម) នៅតំបន់មុំ៣ ព្រំដែនខេត្តព្រះវិហាររវាងកងទ័ពកម្ពុជា-ថៃ នាព្រឹកព្រហាម ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឃើញមានបងប្អូនមួយចំនួន ក្នុងនោះក៏មានយោធិនផងដែរ បានបាញ់បញ្ជូន ព័ត៌មាន និងការសម្ងាត់យោធា បង្ហោះចែកចាយយ៉ាងគគ្រឹកគគ្រេង ទោះបីជាចំណុចខ្លះត្រូវបានច្បាប់ហាមឃាត់ក៏ដោយ។
ដោយធ្លាប់បានអានខ្លះៗទាក់ទងនឹងច្បាប់ជាពិសេស ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ខ្ញុំក៏ចង់ចែករំលែកខ្លះៗ នូវចំណុចដែលយើងគួរចៀសវាង ជាពិសេសពាក់ព័ន្ធនឹងការសម្ងាត់ការពារជាតិ។
ការសម្ងាត់នៃការការពារជាតិ គឺជា ព័ត៌មាន វិធី វត្ថុ ឯកសារ សលាកបត្រ ឬទិន្នន័យព័ត៌មានវិទ្យាទាក់ទងនឹងកងទ័ព ដែលការផ្សព្វផ្សាយត្រូវបានកម្រិត។ ការលាតត្រដាងដោយចេតនា ឬអចេតនា នូវការសម្ងាត់នៃការការពារជាតិ ប្រឈមនឹងការជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១០លានរៀល។ នេះបើតាមយោតាមមាត្រា ៤៧៩ នៃក្រមព្រហ្មទណ្ឌ។ មាត្រានេះ ក៏កំណត់ដែរថា កាលបើការប៉ះពាល់ដល់ការសម្ងាត់នៃការការពារជាតិ កើតចេញពីការមិនប្រុងប្រយ័ត្ន ការខ្ចីខ្លា ការធ្វេសប្រហែស ឬការមិនគោរពបទបញ្ជា ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ៤លានរៀល។
ដោយឡែកមាត្រា ២០នៃច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ គឺយោធិន ត្រូវមានកាតព្វកិច្ចរក្សាការសម្ងាត់ អំពីហេតុការណ៍ និងព័ត៌មានដែលខ្លួនបានដឹងក្នុងពេលបំពេញភារកិច្ច។ ការផ្តល់ព័ត៌មានទៅឱ្យអ្នកក្រៅ ឬអ្នកដទៃ ត្រូវហាមឃាត់។
ការចែករំលែកនេះ មិនមែនជាការរារាំងចំពោះទឹកចិត្តបងប្អូន ដែលស្នេហាជាតិនោះឡើយ តែក៏សង្ឃឹមថាការចែករំលែកនេះ នឹងអាចជាចំណេះដឹងតិចតួចបន្ថែមទៀតដល់បងប្អូន ដើម្បីបានជាមូលដ្ឋាន បម្រើប្រយោជន៍ជាតិទាំងអស់គ្នា...


Post a Comment