ទីតាំងផ្ញើម៉ូតូមួយកន្លែង ត្រូវគេរាយការណ៍ថាបានរំលោភយកចំណីផ្លូវសាធារណៈ កឹបសំបុត្រប្រមូលលុយធ្វើជាអាជីវកម្មផ្ទាល់ខ្លួន ស្ថិតក្នុងខណ្ឌ៧មករា
រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋបានសម្តែងការអាក់អន់ស្រពន់ចិត្ត និងស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយពិនិត្យមើលទីតាំងអាជីវកម្មផ្ញើម៉ូតូមួយកន្លែង ដែលបានយករៀបចំលើចំណីផ្លូវសាធារណៈ ធ្វើជាកម្មសិទ្ធិ និងកឹបសំបុត្រប្រមូលលុយដាក់ហោប៉ៅផ្ទាល់ខ្លួន។
ទីតាំងដែលរងការរិះគន់នេះ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៩ កែងផ្លូវលេខ១៦៤ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
មហាជន និងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តំបន់នោះ សង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរខណ្ឌ៧មករា និងផ្នែកពាក់ព័ន្ធ នឹងចុះពិនិត្យ ព្រមទាំងមានវិធានការសម្របសម្រួល រៀបចំសណ្តាប់ធ្នាប់ឡើងវិញ ដើម្បីកុំឱ្យមានការរំលោភលើទ្រព្យសម្បត្តិសាធារណៈ និងសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។
សម្រាប់បណ្ដាញនៃប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងក៏កំពុងរង់ចាំទទួលព័ត៌មានបន្ថែមចេញពីប្រភពពាក់ព័ន្ធទាំងឡាយជាបន្តបន្ទាប់តទៅទៀត ដើម្បីចូលរួមទប់ស្កាត់រាល់អ្វីដែលនាំឱ្យមានការខាតបង់ដល់ចំណូលជាតិ ក៏ដូចជានាំឲ្យបាត់បង់សោភ័ណភាពសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈផងដែរ។
អង្គភាពបណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់យើងក៏នឹងធ្វើការចេញផ្សាយជាបន្តបន្ទាប់ផងដែរស្របតាមច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕










Post a Comment