មន្ត្រីគយ និងសមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យឃ្លាំងទំនិញមិនមានបង្កាន់ដៃពន្ធ នៅខណ្ឌមានជ័យ
ភ្នំពេញ ៖ នៅរសៀលម៉ោង ១៤:៣០នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលរបស់ មន្ត្រីគយ និងរដ្ឋាកររបស់ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់ទី១ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស បានចុះត្រួតពិនិត្យ ឃ្លាំងលេខ ១០០០ ស្ថិតនៅ ផ្លូវ ៣៨C ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សកម្មភាពត្រួតពិនិត្យនេះ មានការសហការយ៉ាងជិតស្និទ្ធពីតំណាងម្ចាស់ទំនិញ និងកម្លាំង រាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិនិត្យអនុលោមភាពទំនិញដែលបានរក្សាទុកនៅក្នុងឃ្លាំងនោះ។
ក្នុងកំឡុងពេលត្រួតពិនិត្យ មន្ត្រីបានរកឃើញទំនិញចំនួនជាច្រើន ប្រភេទជាប្រហិតនាំចូលពីប្រទេសថៃ និងផ្លែប៉ោមនាំចូលពីប្រទេសចិន ដែលរួមមាន៖
ប្រហិតសាច់ភ្លាម LUF ចំនួន 552 កេស (5,520 គីឡូក្រាម)
ប្រហិតដង្កៀបក្តាម F ចំនួន 224 កេស (2,440 គីឡូក្រាម)
ប្រហិតបង្កង PFFP ចំនួន 112 កេស (1,120 គីឡូក្រាម)
ប្រហិតបង្គា PFP ចំនួន 618 កេស (4,180 គីឡូក្រាម)
ប្រហិតម៉ាតី ចំនួន 104 កេស (1,040 គីឡូក្រាម)
ប្រហិតតៅហ៊ូ ចំនួន 60 កេស (600 គីឡូក្រាម)
ផ្លែប៉ោម នាំចូលពីប្រទេសចិន ចំនួន 6,665 កេស (50,985 គីឡូក្រាម)
សរុបទំនិញទាំងមូលមាន 8,335 កេស ស្មើនឹង 76,885 គីឡូក្រាម។
តាមការបំភ្លឺរបស់ម្ចាស់ទំនិញ និងការស្រាវជ្រាវរបស់មន្ត្រីគយ-រដ្ឋាករ បានរកឃើញថា ទំនិញទាំងនេះមិនមានបង្កាន់ដៃពន្ធនាំចូលនោះទេ។ ដោយឡែក មន្ត្រីគយ-រដ្ឋាកររួមជាមួយកម្លាំងសមត្ថកិច្ចចម្រុះ បានសម្រេច បិទឃ្លាំងខាងលើជាបណ្តោះអាសន្ន ដើម្បីរង់ចាំការចុះពិនិត្យបន្ថែមពីមន្ត្រីជំនាញ។
ការត្រួតពិនិត្យត្រូវបានបញ្ចប់នៅម៉ោង ១៨:០៥នាទី ក្នុងថ្ងៃខែឆ្នាំដដែល ៕
Post a Comment