សម្តេចធិបតី ដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើមាតុភូមិនិវត្តន៍វិញ ប្រកបដោយសុវត្ថិភាព ជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់



ភ្នំពេញ៖ នារាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើមាតុភូមិនិវត្តន៍វិញ ប្រកបដោយសុវត្ថិភាព ជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់ ដោយមានការឯកភាព បទឈប់បាញ់ និងគោលដៅធំសម្រាប់ជាតិ និងប្រជាជនកម្ពុជា គឺសន្តិភាព។

សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជេីញទៅចូលរួម កិច្ចប្រជុំពិសេសមួយ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិក ជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងភាគីចិន ដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ កម្ពុជានិងថៃ បានឯកភាពគ្នា តាមគំនិតផ្ដួចផ្ដើម របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នៅក្នុងកិច្ចប្រជុំភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖ 

1- ឯកភាពបទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង24:00 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។ 

2-រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង0700 ថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ។

3-រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕








Powered by Blogger.