សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញប្រគល់ព្រះរាជអំណោយដ៏ឧត្តុងឧត្តមព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ជូនដល់កងទ័ពតស៊ូប្រយុទ្ធ ពលី ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី

 


សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញប្រគល់ព្រះរាជអំណោយដ៏ឧត្តុងឧត្តមព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ជូនដល់កងទ័ពតស៊ូប្រយុទ្ធ ពលី ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិកម្ពុជា និងសុខសុវត្ថិភាពប្រជារាស្ត្រ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ តាមរយៈឯកឧត្តម សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ

យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ បានរៀបចំពិធីប្រគល់ព្រះរាជអំណោយដ៏ឧត្តុងឧត្តម មានព្រះរាជទ្រព្យចំនួន ៥០ពាន់ដុល្លារសហរដ្ឋអាមេរិក ដែលជាព្រះរាជូបត្ថម្ភដ៏ឧត្តុងឧត្តមរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជទ្រព្យចំនួន ៥០ពាន់ដុល្លារសហរដ្ឋអាមេរិក ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនដល់វីរកងទ័ពតស៊ូប្រយុទ្ធ ពលី ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិកម្ពុជា និងសុខសុវត្ថិភាពប្រជារាស្ត្រ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលទទួលដោយឯកឧត្តម សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម សេង ទៀង រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

ព្រះរាជទ្រព្យដ៏ឧត្តុងឧត្តមនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ដល់កងកម្លាំងកម្ពុជាទាំងអស់ ដែលបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមតំបន់ព្រំដែន និងបានពលីជីវិត ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារសុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ឲ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

ក្នុងឱកាសនេះ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក៏បានប្រគល់ជូននូវថវិកាចំនួន ២០លានរៀល ដែលជាសណ្តានចិត្តដ៏ជ្រះថ្លារបស់សម្តេចមហាមន្ត្រី គុយ សុផល និងលោកជំទាវ សុខ នារី គុយ សុផល ព្រមទាំងមន្ត្រីរាជការនៃក្រសួងព្រះបរមរាជវាំង ដើម្បីចូលរួមចំណែកបង្ហាញអំពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។

សម្តេចមហាមន្ត្រី ព្រះរាជតំណាង មានប្រសាសន៍ជម្រាបជូនថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឬទ័យមេត្តាករុណាសណ្តោសប្រោសប្រណីដ៏ខ្ពង់ខ្ពស់ជានិច្ច ចំពោះសុខទុក្ខ និងការលំបាកខ្វះខាតរបស់វីរកងទ័ពដែលកំពុងតស៊ូប្រយុទ្ធនៅសមរភូមិជួរមុខ ពលី ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា និងសុខសុវត្ថិភាពប្រជារាស្ត្រ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ព្រមទាំងពរជ័យសិរីមង្គលដ៏បវរមហាប្រសើរ ពីអង្គព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនកងកម្លាំងជួរមុខដ៏មានសារៈសំខាន់នៅតាមតំបន់ព្រំដែនរបស់កម្ពុជា សូមបន្តទទួលបានជោគជ័យក្នុងបេសកកម្មដ៏ឧត្តុងឧត្តម ជូនជាតិ មាតុភូមិ។

ឯកឧត្តម សេង វណ្ណៈ តំណាងឯកឧត្តម សេង ទៀង បានមានប្រសាសន៍ថា ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះព្រះមហាករុណាទិគុណដ៏ធ្ងន់បំផុតនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ថ្លៃថ្លានេះ គឺបានបង្ហាញឲ្យឃើញពីព្រះរាជហឬទ័យមេត្តាករុណាសណ្តោសប្រោសប្រណីដ៏មហាប្រសើរខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានគាំទ្រចំពោះការខិតខំរបស់រាជរដ្ឋាភិបាល និងវីរកងទ័ពនៅជួរមុខទាំងអស់ សម្រាប់ជួយជ្រោមជ្រែងធ្វើយ៉ាងណាពង្រឹងខឿនការពារជាតិ ប្រជាជន សំដៅរួមគ្នាដោះស្រាយបញ្ចប់បញ្ហាជម្លោះព្រំដែនតាមនីតិវិធី និងគោលការណ៍ច្បាប់ ដែលជាចំណាត់ការប្រកបដោយការគិតគូរវែងឆ្ងាយ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបាននូវសន្តិភាពរវាងប្រទេសទាំងពីរ។

ឯកឧត្តម សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ បានថ្វាយព្រះសព្ទសាធុកាពរដ៏បវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខុមាលភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នូវជាម្លប់ដ៏ត្រជាក់សុខសាន្តសម្បូរសប្បាយដល់ព្រះរាជាណាចក្រកម្ពុជា និងបងប្អូនកូនចៅរបស់ព្រះអង្គជារៀងរហូតតទៅ៕








Powered by Blogger.