លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦
ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃពុធ ១៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំ លោកស្នងការរង លោកនាយការិយាល័យ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ កងពលធំអន្តរាគមន៍លេខ២ (គណៈយុទ្ធមិត្តបម្រើកងទ័ពជំនាន់ ឆ្នាំ១៩៧៨) ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៩:៥៧នាទី ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ លោកឧត្តមសេនីយ៍ឯក ឈុំ ខេង គឺជាការបាត់បង់នូវស្វាមី ដែលប្រកបដោយសង្គហធម៌ ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ ចំពោះបុត្រធីតា កូនចៅ ហើយក៏ជាការបាត់បង់មេបញ្ជាការដ៏អង់អាចក្លាហាន របស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងពលតូចអន្តរាគមន៍លេខ៦ និងជាឥស្សរជនឆ្នើមមួយរូបនៃកងយោធពលខេមរភូមិន្ទ ដែលកន្លងមកបានចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការដ៏មោះមុតក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីជារៀងរហូតមក។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងអស់ សូមលំឱនកាយចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយគ្រួសារ ញាតិមិត្ត នៃសព ហើយសូមឧទ្ទិសដល់ ដួងវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ឯក ឈុំ ខេង បានសោយសុខក្នុងសុគតិភពតាមបំណងប្រាថ្នាកុំបីឃ្លៀងឃ្លាតឡើយ៕
រូបភាព និងអត្ថបទ: ការិ.ផ្សព្វផ្សាយអប់រំ




















Post a Comment