កម្ពុជា រក្សា និងកសាងបាននូវទំនុកចិត្តពីបណ្ដាវិនិយោគិន និង ប្រជាជន ទាំងក្នុង និង ក្រៅប្រទេស ដោយសារកម្ពុជាសម្បូរទៅដោយកត្តាអំណោយផលប្រកបដោយសក្ដានុពលជាច្រើន

 



សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីអបអរសាទរការដំណើរការជាផ្លូវការ ១ ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និង ពិធីពិសាភោជនាហារសាមគ្គី ឆ្នាំ២០២៥ នាថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៥ ថា៖ កម្ពុជា រក្សា និងកសាងបាននូវទំនុកចិត្តពីបណ្ដាវិនិយោគិន និង ប្រជាជន ទាំងក្នុង និង ក្រៅប្រទេស ដោយសារកម្ពុជាសម្បូរទៅដោយកត្តាអំណោយផលប្រកបដោយសក្ដានុពលជាច្រើន ។ ក្នុងនោះ, កត្តាចម្បងដែលមិនអាចខ្វះបានគឺ៖ សុខសន្តិភាព និង ស្ថិរភាព នៅទូទាំងប្រទេស ។ រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាបន្តថែរក្សា, ការពារ សន្តិភាព និង ស្ថិរភាពពេញលេញ ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីការអភិវឌ្ឍ និង ភាពសុខដុម, ទាំងការវិនិយោគ និងការរស់នៅរបស់ប្រជាជន ។ រាជរដ្ឋាភិបាល បន្តគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងការអភិវឌ្ឍធនធានពលកម្មវ័យក្មេង ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ដែលនឹងជួយគាំទ្រដល់ផលិតកម្មនានា បានយ៉ាងសកម្ម និងមានប្រសិទ្ធភាព ។ មិនតែប៉ុណ្ណោះ, កម្ពុជា ជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងទ្វេភាគីជាច្រើន ដែលបានជួយបើកច្រកទីផ្សារឱ្យកាន់តែទូលាយ ដែលទីផ្សារទាំងនេះនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ។ បន្ថែមពីនេះ, រាជរដ្ឋាភិបាល បាន និងកំពុង ខិតខំប្រឹងប្រែងសម្របសម្រួលធ្វើឱ្យការវិនិយោគ ទាំងក្នុង និង ក្រៅប្រទេស ទទួលបានផ្លែផ្កាគាប់ប្រសើរតាមរយៈគោលនយោបាយវិនិយោគដែលមានភាពបត់បែន ជាមួយនឹងការលើកទឹកចិត្ត និងការការពារដល់ផលប្រយោជន៍វិនិយោគិន។ 


មុននឹងបញ្ចប់, សម្ដេចបវរធិបតី បានលើកទឹកចិត្តដល់បណ្ដាវិនិយោគិនជាតិ និង អន្តរជាតិ, ជាពិសេស ភ្ញៀវបរទេសថ្មីៗ សូមសម្រេចចិត្តជ្រើសរើសកម្ពុជា ជាទីតាំងសម្រាប់រាល់កិច្ចសហការ និងវិនិយោគ ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរខ្ពស់ចំពោះវិនិយោគិនគ្រប់រូប ដោយគ្មានការរើសអើង ហើយយើងពិតជាសាទរចំពោះភាពរីកចម្រើនរបស់បណ្ដារោងចក្រ-សហគ្រាស ដែលបានបណ្ដាក់ទុនក្នុងប្រទេសកម្ពុជា ដែលនឹងជំរុញដល់សេដ្ឋកិច្ចកម្ពុជា បន្តរីកលូតលាស់ជាលំដាប់ ប្រកបដោយចីរភាព និង សម្រេចបានចក្ខុវិស័យជាច្រើនរួមគ្នា ។

Powered by Blogger.