សមត្ថកិច្ចឃាត់ខ្លួនអ្នកកត់ឆ្នោតវៀតណាមម្នាក់នៅក្រុងអរិយក្សត្រ!

 



(ខេត្តណ្តាល) ៖ នារីម្នាក់ ជាភ្នាក់ងារចាត់ចែងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម) ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងអរិយក្សត្រ ធ្វើការចុះបង្ក្រាប និងឃាត់ខ្លួន ក្រោយបើកកត់ឆ្នោតវៀតណាម ។


ការបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ចំណុចក្នុងផ្ទះ ស្ថិតភូមិព្រែកតាទេព សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ។


សមត្ថកិច្ចក្រុងអរិយក្សត្រ ឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជនសង្ស័យ០១នាក់ មានឈ្មោះ យ៉ុន ដាវី ភេទ ស្រី អាយុ២៨ឆ្នាំ មុខរបរកត់ឆ្នោត មានទីលំនៅភូមិព្រែកតាទេព សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។


ដកហូតបាន វត្ថុតាងរួមមាន ៖

១/ ទូរសព្ទដៃចំនួន ០១គ្រឿង ម៉ាក Oppo

២/ ក្រដាសA4កាត់រួចមិនទាន់កត់លេខឆ្នោតចំនួន០៥សន្លឹក

៣/ក្រដាសA4 កាត់រួចមានលេខកត់លេខឆ្នោតចំនួន០១សន្លឹក

៤/ សៀវភៅកត់លេខឆ្នោត ចំនួន០១ក្បាល

៥/ ក្រដាសកាហ្គែ(ផ្ដាន) ចំនួន០៤សន្លឹក

៦/ ប៉ិចចំនួន០២ ដើម ។


សមត្ថកិច្ចបានឲ្យដឹងទៀតថា មុននឹងឈានដល់ការបង្ក្រាបនេះ ដែលមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថា នៅក្នុងភូមិព្រែកតាទេព សង្កាត់ព្រែកលួង មានការលួចកត់ឆ្នោតវៀតណាមខុសច្បាប់យ៉ាងគគ្រឹកគគ្រេង ដូចជាគ្មានការខ្លាចញញើតសមត្ថកិច្ចបន្តិចសោះទ្បើយនៅក្នុងផ្ទះខាងលើ ។ ក្រោយទទួលបានព័ត៌មានភ្លាមៗ ក៏កម្លាំងសមត្ថកិច្ចនគរបាលក្រុងអរិយក្សត្រ បានធ្វើដឹកនាំកម្លាំងធ្វើការឆ្មក់ចូលបង្ក្រាប នឹងឃាត់ខ្លួនបាននារីម្នាក់ រួមជាមួយវត្ថុតាងយកមកធ្វើការសាកសួរនាំ ។


នៅចំពោះមុខ សមត្ថកិច្ចឈ្មោះ យ៉ុន ដាវី បានឆ្លើយសារភាពថា ៖ ខ្លួនពិតជាបានកត់ឆ្នោតវៀតណាម រយះពេល១ខែមកហើយ រហូតមកដល់បច្ចុប្បន្ន ក្នុង១ថ្ងៃកត់ឆ្នោតបានប្រាក់ពី២០ម៉ឺនរៀល ទៅ ៣០ម៉ឺនរៀល ហើយពេលថ្ងៃឡើងបានប្រមូលប្រាក់ឲ្យទៅមេម្នាក់ (មិនស្គាល់) មកយកដល់កន្លែងជារៀងរាល់ថ្ងៃ ។


បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញក្រុងអរិយក្សត្រ កំពុងកសាងសំណុំបញ្ចូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕








Powered by Blogger.