អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៥ ខួបអនុស្សាវរីយ៍លើកទី១៣៩ ក្រោមប្រធានបទ"រួមគ្នាដើម្បីការងារសមរម្យនិងកំណើនប្រកបដោយចីរភាព និងភាពធន់"
(បន្ទាយមានជ័យ) កម្មករនិយោជិក ជិត៦០០នាក់ បានចូលរួមអបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៥ ខួបអនុស្សាវរីយ៍លើកទី១៣៩ ក្រោមប្រធានបទ "រួមគ្នាដើម្បីការងារសមរម្យនិងកំណើនប្រកបដោយចីរភាព និងភាពធន់" ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត តំណាងស្ថាប័នតុលាការ មេបញ្ជាការកងកម្លាំងគ្រប់អង្គភាព ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព អភិបាលក្រុង ស្រុក អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនរោងចក្រ គ្រឹះស្ថាន និងបងប្អូនជានិយោជក និយោជិត និងសិស្សានុសិស្ស នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
ក្នុងខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៥នេះលោក នួន សុីណា ប្រធានមន្ទីរ ការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍លើកឡើងថា៖ស្ថានភាព សហគ្រាសគ្រឹះស្ថានក្នុងខេត្ត សរុបចំនួន៩៥០ សហគ្រាស LACMS ២៨០ សហគ្រាស គ្រឹះស្ថាន កម្មករនិយោជិត ១៨.៣៤៩ នាក់ Cam DX ៦៧០ សហគ្រាស គ្រឹះស្ថាន កម្មករនិយោជិត ៤,១៦៣នាក់ កម្មករនិយោជិតក្នុងខេត្ត សរុបចំនួន ២២.៥១២ នាក់ សហជីពមូលដ្ឋានបានចុះបញ្ចីកា សរុបចំនួន ៦ សហជីព តំបន់សេដ្ឋកិច្ចពិសេស ចំនួន ៣ ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត តំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាលគ្រុប ប៉ោយប៉ែត តំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត អូរនាង DIALIសួនឧស្សាហកម្ម ចំនួន១ ស្ថិតនៅក្នុងក្រុងសិរីសោភ័ណ សួនឧស្សាហកម្ម ស៊ីសុផុន អ៊ិនដាសស្ទៀល ផាក។
លោក នួន សុីណា បានមានប្រសាសន៍ឲ្យដឹងទៀតថា៖ នៅសតវត្សទី១៩ ពលករ កម្មករ នៅបណ្ដាប្រទេសមូលធនមួយចំនួន ក្រោមការដឹកនាំ ត្រួតត្រារបស់ពួកថៅកែនៅប្រទេសអាមេរិក ពលករ កម្មករ ត្រូវរងការជិះជាន់គាបសង្កត់យ៉ាងធ្ងន់ធ្ងរ ដូចជាត្រូវបង្ខំឲ្យធ្វើការ ពី១០ម៉ោងទៅ១២ម៉ោងក្នុងមួយថ្ងៃ មានថ្ងៃខ្លះធ្វើការដល់ទៅ១៦ ម៉ោង គ្មានពេលសម្រាក គ្មានការរៀនសូត្រ នឹងលំហែកំសាន្ត ជីវភាពរស់នៅវេទនាជាទីបំផុត ប្រពន្ធកូនអត់ឃ្លានជាប្រចាំ និងមានពេលខ្លះត្រូវថៅកែធ្វើបាបយ៉ាងសាហាវឃោរឃៅទៀតផង។ក្រោយមក មានការរើបម្រះ ធ្វើការតស៊ូពីទ្រង់ទ្រាយតូចរហូតដល់ការតស៊ូមានទ្រង់ទ្រាយធំ តាមរយៈអង្គការចាត់តាំងជាសមាគមកម្មករហៅថា សហជីពដើម្បីទាមទាឲ្យធ្វើការបបន្ថយម៉ោងធ្វើការនិងទាមទារឲ្យដំឡើងប្រាក់បៀវត្ស។ការតស៊ូរបស់កម្មករទាមទារ ១ថ្ងៃធ្វើការ៨ម៉ោង ទាល់តែបានសម្រេច ចាប់ពីពេលនោះមកគេយក ថ្ងៃទី១ ឧសភា ត្រូវបានគេរក្សាទុកជាថ្ងៃអនុស្សាវរីយ៍ប្រវត្តិសាស្ត្រមានប្រពៃណីសាមគ្គីភាពនិងការតស៊ូរបស់ពលករ កម្មករ លើពិភពលោក។ដូចនោះនៅ ថ្ងៃទី១ឧសភា ឆ្នាំ ២០២៥នេះ កម្មករ ពលករ បាននាំគ្នាប្រារព្ធធ្វើឡើង ដើម្បីរំលឹកការតស៊ូរបស់ពលករ កម្មករ លើពិភពលោកហើយជារៀងរាល់ឆ្នាំ ឲ្យតែ ថ្ងៃទី១ ឧសភានេះ គេតែងតែធ្វើជារៀងរាល់ឆ្នាំ ឲ្យក្លាយទៅជាទិវាពលកម្មអន្តរជាតិ គឺជាថ្ងៃបុណ្យដ៏ធំធេងរបស់ពលករកម្មករនៃបណ្ដាប្រទេសលើពិភពលោក។
ថ្លែងក្នុងឱកាសនោះឯកឧត្តម អ៊ំុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ការប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្នុងគោលដៅបង្ហាញឲ្យឃើញអំពីភាពថ្លៃថ្នូរ ភាពចាស់ទុំ និងភាពប្រសើរឡើងនៃសិទ្ធិសេរីភាពរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីបង្កើនការទាក់ទាញទុនវិនិយោគ និងបង្កើតឱកាសការងារកាន់តែប្រសើរ និងសមរម្យជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។ ការពង្រឹង និងពង្រីកការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសកម្លាំងពលកម្ម ដែលកំពុងធ្វើការគឺមានសារៈសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវជំនាញនៃកម្លាំងពលកម្មក្នុងខេត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មជំនាញទាំងនៅក្នុងខេត្ត និងក្នុងប្រទេសដែលកំពុងតែមានការកើនឡើង។
បញ្ចប់នៃកម្មវិធីគណៈអធិបតីបានផ្ដល់ជូនកម្មការីនីមានផ្ទៃពោះម្នាក់ៗទទួលបាន ក្រមា១ សារុង១ និងថវិកា ៤ម៉ឺនរៀល ដោយឡែកកម្មករ កម្មការីនី ម្នាក់ៗទទួលបាន ក្រមា១ និងថវិកា ២ម៉ឺនរៀលផងដែរ៕
Post a Comment