ឯកឧត្តម គង់ សោភ័ណ្ឌអតីត អភិបាលខេត្តកណ្តាល រងការចោទប្រកាន់ថា ទទួលសំណូកចំនួន៤០.០០០ដុល្លារ អាមេរិក វគ្គ១
ខេត្តកណ្តាល យោង តាមអង្គភាព សារព័ត៌មានជាច្រើន បានផ្សព្វផ្សាយ ថាជនរងគ្រោះបានសម្ដែងការឈឺចាប់ ដោយខ្លួនបានបង់លុយក្រោមតុ.ឱ្យ ឯកឧត្តម គង់ សោភ័ណ្ឌ អតីតជាអភិបាលខេត្តកណ្ដាល ចំនួន៤០.០០០ដុល្លារអាមេរិក ជាថ្នូរនឹងអនុញ្ញាតឱ្យក្រុមហ៊ុនរបស់ខ្លួន កាន់កាប់ដី១ផ្នែក នៃ”មេទឹក”ចំនួន៣កន្លែង ក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្ដាល និងក្រុងអរិយក្សត្រ និងអាជីវកម្មរណ្ដៅដី ។
លុះចុងក្រោយ រដ្ឋបាលខេត្តកណ្ដាល ចុះចាប់គ្រឿងចក្រ និងរងការផាកពិន័យអស់រាប់លានដុល្លារ ពោលគឺ សូម្បីតែដីដែលខ្លួនកំពុងកាន់កាប់ ក៏ក្លាយជាកម្មសិទ្ធរបស់ក្រុមហ៊ុនផ្សេង ធ្វើឱ្យខ្លួនរងការខាតបង់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ ទើបលោកបើកកកាយនូវ រឿងអាស្រូវពុករលួយរបស់ ឯកឧត្តមគង់ សោភ័ណ្ឌ តែម្ដងទៅ។
ជុំវិញរឿងលោក អ៊ុក រដ្ឋា ម្ចាស់”ក្រុមហ៊ុន មហារដ្ឋា ត្រេឌីង”បានបញ្ជាក់ប្រាប់ ក្រុមការងារអ្នកសារព័ត៌មានថា លុយចំនួន៤០.០០០ដុល្លារដែល
បានប្រគល់ឱ្យ ឯកឧត្តម គង់ សោភ័ណ្ឌ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ប្រាកដមែន។
លោក អ៊ុក រដ្ឋា បានបញ្ជាក់បន្ថែមថាលុយទាំងនោះ គឺចែកចេញជា៤ផ្នែក៖
ទី១៖ ប្រាក់១០.០០០ដុល្លារ ជាថ្នូរនឹងការបើកភ្លើងខៀវ ឱ្យក្រុមហ៊ុនខ្លួនធ្វើអាជីវកម្ម ជីកស្ដាររណ្ដៅដី ក្នុងឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល!។
២៖ ប្រាក់១០.០០០ដុល្លារ ជាថ្នូរនឹងឱ្យក្រុមហ៊ុនខ្លួន កាន់កាប់និងអាស្រ័យផលដី១ផ្នែកក្នុង”មេទឹកប្រមូលខ្លា”ស្ថិតនៅក្នុងឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល។
៣៖ ប្រាក់១០.០០០ដុល្លារ ជាថ្នូរនឹងឱ្យក្រុមហ៊ុនខ្លួន កាន់កាប់និងអាស្រ័យផលដី១ផ្នែកក្នុង”មេទឹកផ្លូវទូក”ក្នុងឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល។
និងទី៤៖ ប្រាក់១០.០០០ដុល្លារទៀត ជាថ្នូរនឹងឱ្យក្រុមហ៊ុនខ្លួន កាន់កាប់និងអាស្រ័យផលដី១ផ្នែកក្នុង”មេទឹកបឹងរាម”នៅសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។
លោក អ៊ុក រដ្ឋា បញ្ជាក់បន្តទៀតថា ឯកឧត្តម គង់ សោភ័ណ្ឌ កំណត់យកលុយពីក្រុមហ៊ុនរបស់ខ្លួនហើយ គ្មានទទួលខុសត្រូវ.ចំពោះការចាត់ចែងដីធ្លីពីម្នាក់ទៅម្នាក់។
បណ្ដាលឱ្យ”ក្រុមហ៊ុន មហារដ្ឋា ត្រេឌីង”ក៏ដូចជាក្រុមហ៊ុនមួយចំនួនទៀត រងការខាតបង់ ទន់វិនិយោគយ៉ាងធ្ងន់ធ្ងរដែលមិនអាចទទួលយកបាន ជាពិសេសដី”មេទឹកប្រមូលខ្លា”និង”ដីបឹងរាម”តែម្ដង។
ទាក់ទិនបញ្ហានេះ បើនិយាយទៅវែងឆ្ងាយណាស់ ជាក់ស្តែងៈ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្តាល បានចុះចាប់គ្រឿងចក្រ របស់លោក អ៊ុក រដ្ឋា ដល់ក្នុងរណ្ដៅដី និងអនុវត្តនីតិវិធីដោយគ្មានការលើកលែង គឺផាកពិន័យជាង៣.០០០.០០០ដុល្លារ។
មិនតែប៉ុណ្ណោះ រដ្ឋបាលខេត្តកណ្តាល ជំនាន់ឯកឧត្តម គង់ សោភ័ណ្ឌ ជាអភិបាលខេត្ត បានធ្វើសំណើជូនថ្នាក់ដឹកនាំ ដោយយក”ដីមេទឹកទំនប់ផ្លូវទូក”និងមេទឹកប្រមូលខ្លា.ទៅធ្វើអនុបយោគឱ្យក្លាយជាកម្មសិទ្ធិ{ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក}ជាថ្នូរនឹងការសាងសង់ ច្រាំងទន្លេ សួនច្បារក្រុងតាខ្មៅ វិមានឈ្នះ-ឈ្នះ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងខេត្តកណ្តាល ដោយពន្ធប្រថាប់ត្រា និងពន្ធលើការសាងសង់ផ្សេងៗជាបន្ទុករបស់រដ្ឋ។
ពាក់ព័ន្ធ ហ្នឹងអនុបយោគនេះដែរ ទាំងលោក អ៊ុក រដ្ឋា ក៏ដូចជាអ្នកវិនិយោគផ្សេងទៀត បានលើកឡើងស្រដៀងគ្នាថា មូលហេតុដែលពួកខ្លួនខាតបង់គឺដោយសាររដ្ឋបាលខេត្តកណ្ដាល នៅពេលនោះ ពុំបានធ្វើការដោះស្រាយឱ្យដាច់ស្រេច ឬសិក្សាពីផលប៉ះពាល់ជាមុនសិន ចាំធ្វើរបាយការណ៍ ទៅថ្នាក់ដឹកនាំ ដើម្បីសុំអនុបយោគនោះឡើយ.ផ្ទុយទៅវិញស្ងាត់ៗស្រាប់តែធ្លាក់.ស.ជ.ណ មកគ្របលើដីពួកគាត់តែម្ដង។
ករណីនេះ កាលពីកន្លងទៅថ្មីៗអាជ្ញាធរភូមិ.ឃុំ បានអះអាងថា ពួកខ្លួនពុំបានដឹងទេ រឿងធ្វើរបាយការណ៍ស្នើសុំអនុបយោគ ដីត្រង់ចំណុចខាងលើ។
ខណៈលោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្ដាល និងជាអ្នកនាំពាក្យ បានថ្លែងថា ចាំមើលលោកឆែកមើលសិន។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំ ដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អតីតអភិបាលខេត្តកណ្ដាល បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ សូមជួយបំភ្លឺ នៅក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ ។
បន្ទាប់ពីបានឃើញ នៅក្នុងករណីខាងលើនេះ អង្គភាព អ្នកសារព័ត៌មាន ស៊ីអេចអ ស្នើសុំ ដល់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សូមមេត្តា ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត អ្នកសូក និងអ្នកទទួលសំណូក ដោយក្តីអនុគ្រោះ។
អង្គភាព ស៊ីអេចអ សង្ឃឹមថា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ចដោយក្តីអនុគ្រោះ។
អង្គភាព អ្នកសារព័ត៌មានស៊ីអេចអ ស្នើសុំ ដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមមេត្តា អនុវត្តអភិក្រម វះកាត់ ដើម្បីសាងទំនុកចិត្ត ជូន ប្រជាពលរដ្ឋ ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
Post a Comment