ដកតំណែងអនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺម្នាក់ ក្រោយមានការស៊ើបអង្កេតពីគណៈកម្មាការនាយកដ្ឋានពន្ធនាគារពីការនាំអ្នកទោសចេញក្រៅទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ
កំពង់ស្ពឺ៖ អនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ លោកស្រី តោ សុខលី ត្រូវបានថ្នាក់លើសម្រេចដកចេញពីតំណែង ក្រោយមានការស៊ើបអង្កេតពីគណៈកម្មការនៃនាយកដ្ឋានពន្ធនាគារលើករណីនាំអ្នកទោសចេញក្រៅដោយគ្មានការអនុញ្ញាតទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។នេះបើយោងតាមប្រភពពីមន្ត្រីអនុរក្សពន្ធនាគារប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។
ឧត្តមអគានុរក្សថ្នាក់លេខ៣ លោកស្រី តោ សុខលី ត្រូវបានប្រភពបញ្ជាក់ប្រាប់មកថា លោកស្រីត្រូវបានដកចេញពីអនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺឱ្យទៅបម្រើការងារជាមន្រ្តីនាយកដ្ឋានបណ្ដុះបណ្ដាល និងមុខរបរចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ហើយក្នុងនោះលោកស្រី នឹងត្រូវប្រឈមនឹងការដកសក្តិពីថ្នាក់ឧត្តមអគារនុរក្សថ្នាក់លេខ៣ឱ្យមកនៅត្រឹមមន្ត្រីអនុរក្សធម្មតាថែមទៀតផង។ ក្រោយការដកតំណែងលោកស្រី តោ សុខលី អគ្គនាយកដ្ឋានពន្ធនា គារ ក៏បានដាក់លោក ទី ឈុនទេព ពីអនុប្រធានពន្ធនាគារខេត្តកែបជំនួសមកវិញផងដែរ។
សូមរំលឹកឡើងវិញផងដែរ លោកស្រី តោ សុខលី កាលពីអំឡុងចុងខែធ្នូ ឆ្នាំ២០២៣ លោកស្រីត្រូវបានប្រជាពលរដ្ឋម្នាក់រស់នៅក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមនដាក់ពាក្យបណ្តឹងជុំវិញការនាំអ្នកទោស និងមន្ត្រីអនុរក្សនៃពន្ធនាគារខេត្តកំពង់ស្ពឺទៅធ្វើការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួន ក្រោយការជួលដើម្បីបើកមុខរបរ។ ក្រោយមានភាពចម្រូងចម្រាស់រវាងលោកស្រី តោ សុខលី ជាមួយប្រជាពលរដ្ឋពីការនាំអ្នកទោស និងកូនចៅទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋនេះ ខាងអយ្យការសាលាដំបូងបានបដិសេធចំពោះការនាំអ្នកទោសចេញពីពន្ធនាគារដោយគ្មានការសុំអនុញ្ញាត និងបានបញ្ជាក់ថាការធ្វើបែបនេះគឺជាអំពើខុស នឹងច្បាប់។
បន្ទាប់មកទៀតនាយកដ្ឋានពន្ធនាគារ ក៏បានបញ្ជូនគណៈកម្មការចុះអង្កេតលើករណីនេះ ក្រោយមកក៏ស្ងប់ស្ងាត់ទៅវិញ ហើយលោកស្រីក៏នៅបន្តការងាររហូតមក ដោយអ្នកខ្លះបានដាក់ការសង្ស័យថា ប្រហែលជាលោកស្រីមានខ្សែគ្រាក់ៗ នឹងបានរត់ការទប់គ្រប់ច្រកអស់ហើយ ទើបលោកស្រីអាចនៅបន្តតំណែងដោយមិនមានការរំខានពីថ្នាក់លើ។
ជុំវិញករណីដំណឹងដកតំណែងលោកស្រី តោ សុខលី ពីអនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ មន្ត្រីអនុរក្សជាច្រើននាក់ បានសម្តែងការសប្បាយរីករាយ ហើយបាននិយាយថា ថ្នាក់លើគួរតែចាត់ការលើបុគ្គលនេះយូរហើយព្រោះបុគ្គលនេះតែងតែប្រើអំណាចមកលើកូនចៅ គ្មានសមត្ថភាពក្នុងការដឹកនាំ បញ្ជាកូនចៅទៅតាមអារម្មណ៍។ ហើយជាមួយនោះមន្ត្រីអនុរក្សក៏សុំឱ្យថ្នាក់លើចុះមកតាមដានរបៀបរបបដឹកនាំ និងភាពមិនប្រក្រតីជាច្រើនទៀតដែលកំពុងកើតមាននៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺនេះបន្តផង៕
Post a Comment