លោក យឹម សំណាង អញ្ជើញជាអធិបតីភាពពិធីបុណ្យឆ្លង កុដិបណ្ណាល័យ សាមគ្គីនគរធម៌ និងផ្កាប្រាក់សាមគ្គី វត្តសុវណ្ណគិរីភ្នំជញ្ជាំង ឃុំទប់វារី ស្រុកព្រះនេព្រះ

 


(បន្ទាយមានជ័យ) កុដិបណ្ណាល័យ សាមគ្គីនគរធម៌ ដែលសាងសង់ចំណាយថវិកាសរុបអស់ប្រមាណជាង ៨៧២០០ដុល្លារសហរដ្ឋអាមេរិក នៅវត្តសុវណ្ណគិរីភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេព្រះ ត្រូវបានរៀបចំពិធីបុណ្យឆ្លងដាក់អោយប្រើប្រាស់ ក្រោមអធិបតីភាពព្រះសមណៈញ្ញាណ ណាប់ ម៉ឺន ព្រះរាជាគណៈថ្នាក់តិត្តិយស ព្រះបាឡាត់គណខេត្ត លោក យឹម សំណាង អភិបាលរងខេត្តតំណាងឲ្យឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងដោយមានការចូលរួមពីលោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត សប្បុរសជននានា និងពុទ្ធបរស័ទជិតឆ្ងាយ នាថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤។


ព្រះគ្រូវុឌ្ឍិវិរិយាចារ្យ សួន សំអាត ព្រះចៅអធិវត្តសុវណ្ណគិរីភ្នំជញ្ជាំង ហៅលោកតា បុកល្ហុង បានមានសង្ឃដីកាថា៖ព្រះអង្គបានស្រុះស្រួលមូលមតិជាមួយនឹងលោកមេភូមិទាំងពីរនិងពុទ្ធបរិស័ទចំណុះជើងវត្តបានកសាងឆ្លងកុដិបណ្ណាល័យ សាមគ្គីនគរធម៌ និងផ្កាប្រាក់សាមគ្គី វត្តសុវណ្ណគិរីភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេព្រះ ដែលមានទំហំបណ្ដោយ ១២ម៉ែត្រx១០ម៉ែត្រ កម្ពស់៣ជាន់ មាន ៨បន្ទប់ ក្នុងនោះជាន់លើមាន៣បន្ទប់,បន្ទប់ការិយាល័យ១បន្ទប់,បន្ទប់កុំព្យូទ័រ១បន្ទប់,បន្ទប់សៀវភៅ១បន្ទប់,ជាន់កណ្ដាលមាន៥បន្ទប់ រួមទាំងបន្ទប់ទទួលភ្ញៀវ និងជាន់ក្រោមមាន១បន្ទប់ ជាឃ្លាំងសម្រាប់ដាក់សម្ភារៈដែលបានចាប់ផ្ដើមកសាងតាំងពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ទើបហើយជាស្ថាពរដោយចំណាយថវិកាសរុប ៨៧២០០ដុល្លារសហរដ្ឋអាមេរិក ដោយមានម្ចាស់សទ្ធាទាំងក្នុងនិងក្រៅប្រទេស។


ថ្លែងនៅក្នុងឱកាសនោះលោក យឹម សំណាង បានមានប្រសាសន៍លើកឡើងថា៖ លោកពិតជាមានបតិសោមនស្សរីករាយដែលបានចូលរួមជាមួយពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយទាំងអស់ ដែលបានខិតខំរៀបចំពិធីបុណ្យឆ្លងកុដិបណ្ណាល័យ សាមគ្គីនគរធម៌ និងផ្កាប្រាក់សាមគ្គី វត្តសុវណ្ណគិរីភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេព្រះ នាពេលនេះក្រោមបរិយាកាសប្រកបដោយម្លប់សុខសន្តិភាព និងសុខដុមរមនាសាសនា ជាមហាសាមគ្គីក្នុងសង្គមជាតិទាំងមូលសំដៅលើកស្ទួយព្រះពុទ្ធសាសនាឲ្យកាន់តែរីកចម្រើនរុងរឿងរាងទៅ។


លោក យឹម សំណាង បានមានប្រសាសន៍លើកឡើងថា៖ការរីកចម្រើនលើគ្រប់វិស័យទាំងពុទ្ធចក្រនិងអាណាចក្រនាពេលនេះគឺអាស្រ័យដោយប្រទេសជាតិយើងមានសុខសន្តិភាព ទន្ទឹមនឹងការរីកចម្រើនតម្រូវការការងារជាច្រើនត្រូវអនុវត្តបន្តដោះស្រាយចំពោះមុខផងដែរដោយឈរលើទស្សនៈថា ព្រះពុទ្ធសាសនាជាមាគ៌ាផ្លូវដ៏ប្រសើរសម្រាប់អប់រំចរិយាធម៌សង្គមដើម្បីប្រែក្លាយព្រះធម៌ជាដំបូងមានជួយអប់រំកូនចៅឲ្យប្រតិបត្តិអំពើល្អតែជាការរួមចំណែកកសាងនូវធនធានមនុស្សប្រកបដោយគុណធម៌ចរិយាធម៌ដល់សង្គមជាតិ។


ចុងក្រោយគណៈអធិបតីបានប្រគេន និងប្រគល់ជូននូវប័ណ្ណថ្លែងអំណរគុណ ដល់សប្បុរសជន ព្រមទាំងបានធ្វើការកាត់ខ្សែប៊ូសំពោធដាក់ឲ្យប្រើប្រាស់កុដិបណ្ណាល័យ សាមគ្គីនគរធម៌ និងផ្កាប្រាក់សាមគ្គីជាផ្លូវការផងដែរផងដែរ៕












Powered by Blogger.