ឯកឧត្តម គោស៊ុំ សារឿត អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំគណបក្សប្រជាជនកម្ពុជា ក្នុងមុខតំណែង និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក ក្នុងស្រុកមង្គលបូរី

 


(បន្ទាយមានជ័យ) ក្រុមប្រឹក្សាឃុំគណបក្សប្រជាជនកម្ពុជា ក្នុងមុខតំណែង និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានឯកឧត្តម គោស៊ុំ សារឿត សមាជិកគណៈកម្មការកណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីលោក លី សារី អភិបាលរងខេត្តសៀមរាប នាព្រឹកព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ ពិធីសំណេះសំណាលនេះធ្វើនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំឬស្សីក្រោក។


បន្ទាប់ពីលោក រ័ត្ន ដាសុីណង់ ប្រធានគណបក្សស្រុកមង្គលបូរី បានឡើងរាយការណ៍អំពីស្ថានភាពបច្ចុប្បន្ន និងសមិទ្ធផលអនុវត្តបាន និងការងារគ្រប់គ្រងគណបក្ស ក្នុងនោះរួមមានការងារសន្តិសុខសណ្ដាប់ធ្នាប់ ការងារអភិវឌ្ឍន៍ ការងារបង្ករបង្កើនផល និងគ្រោះរាំងស្ងួត នៅក្នុងស្រុកបង្គោលបូរីរួចមក។


ថ្លែនៅក្នុងឱកាសនោះឯកឧត្តម គោស៊ុំ សារឿត បានមានប្រសាសន៍លើកឡើងថា៖ ក្រុមការងារខេត្ត ស្រុក ឃុំ និងក្រុមប្រឹក្សាឃុំគណបក្សប្រជាជនកម្ពុជា ក្នុងមុខតំណែង និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក ក្នុងស្រុកមង្គលបូរី ត្រូវយកចិត្តទុកដាក់ចុះជាប់មូលដ្ឋាន ថែបំប៉នសតិអារម្មណ៍គណបក្សក្នុងស្រទាប់ប្រជាជន មហាជន សមាជិកគណបក្ស ពិសេសអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់។ ជាពិសេសផ្សព្វផ្សាយកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងការកំណត់អាទិភាពគន្លឹះទាំង៥ គឺ"មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា" ជាការងារចាំបាច់។


ឯកឧត្តម គោស៊ុំ សារឿត ក៏បានធ្វើការជំរុញដល់ក្រុមការងារខេត្ត ស្រុក ឃុំ និងក្រុមប្រឹក្សាឃុំគណបក្សប្រជាជនកម្ពុជា ក្នុងមុខតំណែង និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក ក្នុងស្រុកមង្គលបូរី ត្រូវបន្តអនុវត្តលើការផ្ដល់សេវាសាធារណៈនៅមូលដ្ឋានជាកត្តាគន្លឹះ ដើម្បីលុបបំបាត់ការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ មកលើមន្ត្រីមូលដ្ឋានទាំងរដ្ឋបាលភូមិ ឃុំ ស្រុក សំដៅធ្វើឲ្យការបម្រើសេវាសាធារណៈនៅស្រុកមង្គលបូរី ក្លាយជាការបម្រើសេវាដ៏ល្អជាទីពេញចិត្តរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕
















Powered by Blogger.