លោក យឹម សំណាង អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំថ្នាក់ខេត្តត្រីមាសទី២

 


(បន្ទាយមានជ័យ) ដើម្បីបង្ហាញឲ្យឃើញនៅវឌ្ឍនភាពការងារ របស់ក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំខេត្ត ក្នុងការចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្រទិសដៅអាទិភាពនានារបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា។ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានរៀបចំបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំថ្នាក់ខេត្តត្រីមាសទី២ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីរឯកឧត្តម ហ៊ូ ប៊ុនហេង ប្រធានក្រុមបណ្ដាញអង្គការគាំទ្រវិស័យអប់រំខេត្ត លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ និងលោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោក លោកស្រី តំណាងអង្គការដៃគូជាតិ.អន្តរជាតិ និងប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ គិតប្រជុំនេះធ្វើនៅសាលប្រជុំមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ។


ថ្លែងក្នុងឱកាសនោះលោក យឹម សំណាង អភិបាលរងខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម អស់លោក លោកស្រី ដែលបាននិងកំពុងបន្តយកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្រសម្ភារៈ ថវិកា និងបច្ចេកទេសជាដើម ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃវិស័យអប់រំ ក្នុងខេត្តឲ្យមានការរីកចម្រើនឈានឡើង។


លោក អភិបាលរងខេត្ត បានបញ្ជាក់ថា៖ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អាទិភាពទៅលើវិស័យអប់រំ។ដោយបានបញ្ចូល "ការពង្រឹងគុណភាព អប់រំ កីឡា វិជ្ជាសាស្រ្ដ និងបច្ចេកវិទ្យា"ទៅមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ទន្ទឹមជាមួយគ្នានោះលោក យឹម សំណាង បានសង្ឃឹមយ៉ាងមុតមាំថា៖ ឯកឧត្តម អស់លោក លោកស្រី និងចូលយ៉ាងសកម្មក្នុងការផ្ដល់ធាតុចូលសំខាន់ៗ សម្រាប់កិច្ចប្រជុំនាពេលនេះ ដើម្បីក្រុមការងារមានលទ្ធភាព កំណត់ទិសដៅរួមគ្នាក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងមានសង្គមភាពជាមួយវិស័យដទៃទៀត៕
















Powered by Blogger.