ពិធីបើកវគ្គបណ្តុះបណ្តាលអំពីសៀវភៅណែនាំ ស្ដីពី ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព

 


(បន្ទាយមានជ័យ) ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពីសៀវភៅណែនាំការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលរៀបចំធ្វើឡើង នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។


គោលបំណងវគ្គបណ្តុះបណ្តាលនេះគឺដើម្បីអោយមន្ត្រីមកពីអង្គភាពពាក់ព័ន្ធនានា ក្នុងក្របខ័ណ្ឌ នៃរដ្ឋបាលខេត្ត ចេះរៀបចំ និងអនុវត្តផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ ប្រកបដោយប្រសិទ្ធភាព និង សំដៅ កសាងសមត្ថភាព និងជំនាញរបស់អ្នកចូលរួមមកពីអង្គភាពពាក់ព័ន្ធនានា នៃក្របខ័ណ្ឌ នៃរដ្ឋបាលខេត្ត អំពី សៀវភៅណែនាំ ស្តីពី ការអនុវត្តគោល នយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”។


នៅក្នុងឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា នេះមិនមែនជារឿងថ្មីទេ សំរាប់យើងទាំងអស់គ្នា បញ្ហា ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព យើងធ្លាប់បានអនុវត្ត នៅអាណត្តិមុនៗកន្លងមកហើយ តែសំរាប់អាណត្តិថ្មីនេះ គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព នៅតែបន្តអនុវត្តប្រកបដោយចីរភាព និងធ្វើឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ ។ 


ឯកឧត្ដម អ៊ុំ រាត្រី ឯកឧត្ដម អ៊ុំ រាត្រី បានថ្លែងថា សំរាប់អាណត្តិថ្មីនេះ រាជរដ្ខាភិបាល បានកំណត់យក លក្ខណៈសម្បត្តិចំនួន ៧ សំរាប់ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព សំដៅទៅលើសហគមន៍ដែលមានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គមល្អប្រសើរ រក្សាបាននូវបរិស្ថាន ធនធានធម្មជាតិ និងអនាម័យ , ប្រជាពលរដ្ឋបានទទួលការផ្តល់សេវានានា ប្រកបដោយគុណភាព តម្លាភាព និងរស់នៅប្រកបដោយសុវត្តិភាព ផាសុខភាព និងសុខដុមរមនា។ឯកឧត្ដម ក៏បានណែនាំដល់មន្រ្តីទាំងងអស់ សូមនាំយកចំណេះដឹងពីទីនេះ ទៅបណ្តុះបណ្តាលបន្ត ដល់មន្រ្តីក្រោមឱវាទ ក៍ដូជាប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រោះពួកគាត់ជាមនុស្ស ដែលចូលរួមអនុវត្តគោលនយោបាយនេះ យ៉ាងសកម្មនិងមានប្រសិទ្ធភាពផងដែរ៕













Powered by Blogger.