កឺៗបើករថយន្ត 570 មិនប្រកាន់ស្តាំប្រលះ HONDA C125 ស្លាប់ ឪពុក និងកូនចំនួន ៣នាក់ នៅក្រុងបាវិត ក្នុងនោះជនរងគ្រោះមានកុមារតូចៗចំនួន ២នាក់

 


ស្វាយរៀង៖ ឪពុក និងកូនចំនួន ៣នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលជនជាតិចិនបើកបររថយន្ត LEXUS LX570 មិនប្រកាន់ស្តាំ (ទិសដៅបញ្រ្ចាស់ទិសគ្នា) បុកម៉ូតូពេញទំហឹងបណ្តាលស្លាប់ទាំង ៣នាក់តែម្តង។

ករណីនេះបានកើតឡើងនៅវេលាម៉ោង ១៦:១០នាទីល្ងាចថ្ងៃទី ០៣ ខែ កុម្ភ: ឆ្នាំ ២០២៤ នៅលើផ្លូវក្រាលកៅស៊ូ (ផ្លូវតាព្រឹម) ស្ថិតនៅក្នុងភូមិ ថ្នាញ សង្កាត់ បាទី ក្រុង បាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តម៉ាក LEXUS LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5833 បើកបរដោយឈ្មោះ WEN XIAOLONG ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិចិន មុខរបរអាជីវករលក់ដូរក្នុងតំបន់កាស៊ីណូសៀងហៃ មានទីលំនៅបច្ចុប្បន្នភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង បើកបរពីជើងទៅត្បូង និងអ្នករួមដំណើរឈ្មោះ JI LINGEN ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិចិន មុខរបរអាជីវករ មានទីលំនៅបច្ចុប្បន្នភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង អ្នករួមដំណើរគ្មានរបួស។


ប្រភពបានបន្តទៀតថា លុះមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតមកខាងស្តាំបុកចំម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1L-8457 ពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូទាំង ៣នាក់ ឪពុកកូនស្លាប់យ៉ាងអាណោចអាធ័ម។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ទាំង ៣នាក់ រួមមានទី១.ឈ្មោះ សួស តាក់ច័ន្ទធីតា ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកបរពីត្បូងទៅជើង គ្មានពាក់មួកសុវត្ថិភាព (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរឈ្មោះ ខ្លា រ៉ាដែន ភេទ ប្រុស អាយុ ០៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅក្នុងភូមិមេសថ្ងក ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង គ្មានពាក់មួកសុវត្ថិភាព (ស្លាប់នៅកន្លែងកើតហេតុ) ត្រូវជាកូន និងឈ្មោះ ខ្លា ចិត្រ្តា ភេទ ប្រុស អាយុ ០២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅកុមារ មានទីលំនៅក្នុងភូមិមេសថ្ងក ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង គ្មានពាក់មួកសុវត្ថិភាព (ស្លាប់នៅកន្លែងកើតហេតុ) ត្រូវជាកូនអ្នកបើកបរ។

បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើសមត្ថកិច្ចយើងបានបានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែង និងឃាត់ខ្លួនអ្នកបើកបររថយន្តយកមកអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់។

រីឯសាកសពសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ មូលហេតុ៖ រថយន្តបើកបរមិនប្រកាន់ស្តាំ៕





Powered by Blogger.