លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងសម្តេចម៉ែន សំអន អញ្ជើញអធិបតី ក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ ឆ្នាំ២០២៣
ខេត្តសៀមរាប៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងសម្តេចបណ្ឌិត ម៉ែន សំអន សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបួងសួងព្រឹត្តិការណ៍រំលឹកគុណអង្គរ។
ពិធីនេះធ្វើឡើង នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣
នៅបរិវេណមុខប្រាសាទអង្គរវត្ត រំលឹកគុណអង្គរនឹងរៀបចំឡើងរយៈពេល១០ថ្ងៃ ដោយចាប់ពីថ្ងៃទី០៧ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដែលមានប្រារព្ធកម្មវិធីសាសនា ស្ដង់ពិព័រណ៌ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី។
បើតាមការបញ្ជាក់ អភិបាលខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ នៅព្រឹកថ្ងៃនោះដែរបន្ទាប់ពីកម្មវិធីបួងសួង ក៏មានពិធីរាប់បាតព្រះសង្ឃផងដែរ ដោយមានការអញ្ជើញចូលរួម លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងអង្គការដៃគូរ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិផងដែរ។
សូមជម្រាបដែរថា នេះជាឆ្នាំទីបីហើយ ដែលអាជ្ញាធរជាតិអប្សរាបានរៀបព្រឹតិ្តការណ៍រំលឹកគុណអង្គរនេះ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីរំលឹកគុណ អង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ៕
Post a Comment