ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ សម្រេចចោទប្រកាន់មនុស្ស៤នាក់ ពាក់ព័ន្ធការបាញ់បោះនៅភ្នំគិរីរម្យ ពីបទ «ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសែវគ្មានការអនុញ្ញាត» ខណៈម្ចាស់ទីតាំងម្នាក់បន្ដគេចខ្លួន

 កំពង់ស្ពឺ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា តំណាងអយ្យការបានសម្រេចចោទប្រកាន់មនុស្ស៤នាក់ ដែលពាក់ព័ន្ធករណីបាញ់បោះសេរី នៅផ្ទះលំហែលើភ្នំគិរីរម្យ ពីបទ «ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសែវគ្មានការអនុញ្ញាត» តាមបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទះ និងគ្រាប់រំសេវ រួចរាល់ហើយ បញ្ចូនទៅចៅក្រមស៊ើបសួរបន្តកិច្ចនីតិវិធី។


ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានបញ្ជាក់ថា សម្រាប់ជនទាំង៤នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។​

ក្នុងសេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា អំឡុងពេលនៃការស្រាវជ្រាវស៊ើបអង្កេតខាងលើ ជនសង្ស័យ ចំនួន៤រូប រួមមាន៖ ទី១៖ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ អាយុ៣៧ឆ្នាំ, ទី២៖ឈ្មោះ ប៊ិន ភារម្យ អាយុ៤០ឆ្នាំ, ទី៣៖ឈ្មោះ ប៊ិន ភាលុច អាយុ៣៤ឆ្នាំ និងទី៤៖ឈ្មោះ ឈិត លីហៀង អាយុ៣២ឆ្នាំ បានចូលមកសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណែកឈ្មោះ កង តារាវិឆៃ អាយុ៣២ឆ្នាំ និងបក្ខពួកកំពុងគេចខ្លួន។

បើតាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ, នគរបាលយុត្តិធម៌ទាំងស្នងការដ្ឋាន និងកងរាជអាវុធហត្ថ រួមជាមួយអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ខិតខំប្រឹងប្រែង ស្រាវជ្រាវដោយយកចិត្តទុកដាក់ កសាងជាសំណុំរឿងបញ្ជូនជនពាក់ព័ន្ធខាងលើ មកអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមជម្រាបថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦៖៣០នាទីរសៀល នៅចំណុចចំការតែ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ បង្កដោយជនល្មើសមួយក្រុមមានគ្នាប្រមាណ២០នាក់ ជួបជុំ ផឹកស៊ី ច្រៀងរាំ ស្រាប់តែបានផ្ទុះអាវុធនៅកន្លែងកម្មវិធី ដោយបាញ់ឡើងទៅលើ ការផ្ទុះអាវុធបន្តរហូតដល់ម៉ោង០៦៖០០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបអ្នកទាំងអស់នោះបញ្ឈប់ការបាញ់បោះសប្បាយ និងគេចចេញពីកន្លែង កើតហេតុខាងលើ។

ក្រោយពីបានទទួលនូវព័ត៌មានខាងលើ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក ព្រះរាជអាជ្ញា ស៊ិន វិរៈ បានចុះផ្ទាល់ដល់កន្លែងកើតហេតុ ជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមន្ត្រីពាក់ព័ន្ធមូលដ្ឋាន ចុះស្រាវជ្រាវពិនិត្យរកឃើញថា ទីតាំងខាងលើជារបស់ឈ្មោះ កង តារាវិតា ភេទស្រី អាយុ២៨ឆ្នាំ ហើយនៅថ្ងៃកើតហេតុខាងលើមានឈ្មោះ កង តារាវិឆៃ ដែលត្រូវជាបងប្រុសរបស់ កង តារាវិតា បាននាំមិត្តភក្ររបស់ខ្លួនមកធ្វើខួបកំណើត ដុតផាវ បាញ់កាំជ្រួច និងផ្ទុះអាវុធជាច្រើនគ្រាប់។

កន្លែងកើតហេតុ បានបន្សល់នូវវត្ថុតាងជាសំបកគ្រាប់បាញ់រួច មានចំនួន២០៣គ្រាប់ (សំបកគ្រាប់កាំភ្លើងខ្លីចំនួន១១២សំបក, សំបកគ្រាប់កាំភ្លើង ប្រភេទ M16 ចំនួន៣៦សំបក និងសំបកគ្រាប់កាំភ្លើងប្រភេទ AK47 ចំនួន៥៥សំបក) និងស្រោមកាំភ្លើងខ្លីមួយ ព្រមទាំង បានធ្វើកំណត់ហេតុបិទទីតាំងខាងលើ ជាបណ្ដោះអាសន្ន។

អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នឹងបន្តឃ្លាំមើល តាមដានដោយយកចិត្តទុកទៅលើបក្ខពួកទាំងឡាយ ដែលកំពុងគេចខ្លួនមិនឲ្យរួចផុតពីសំណាញ់ច្បាប់ឡើយ៕




Powered by Blogger.