ក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណាវិញ ចំពោះបទល្មើសគ្រឿងញៀននៅខេត្តព្រៃវែង ចំនួន១១នាក់ មិនបញ្ជូនទៅតុលាការ នៅតែរក្សាភាពស្ងៀមស្ងាត់វគ្គ២
បើយោងសេចក្តីបំភ្លឺព័ត៍មាន របស់ស្នងការនគរបាលខេត្តព្រៃវែងដែលមានខ្លឹមសារទាំងស្រុងដូចតទៅ:
ក្នុងពេលថ្មីៗនេះ មានការចែករំលែកព័ត៌មានមិនច្បាស់លាស់លើបណ្ដាញសង្គម ស្ដីពីការឃាត់ខ្លួន មន្ត្រីនគរបាលខេត្តព្រៃវែងចំនួន ១១ នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន បញ្ចូនទៅមណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន ។
ពាក់ព័ន្ធខ្លឹមសារខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមធ្វើការបកស្រាយជូនសាធារណៈ ជនទាំងអស់មេត្តាជ្រាបថា៖ ដោយមានការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិកម្ពុជា ចាប់ពីថ្ងៃទី ០៩ ខែ តុលា ២០២៣ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បើកយុទ្ធនាការ ធ្វើតេស្តស្វែងរកសារធាតុគ្រឿងញៀន ពីលោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ បណ្ត អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ វរនគរបាលការពារព្រំដែនលេខ ៦០៧ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១៦ និងមន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង ។ ជាលទ្ធផលគិតត្រឹមថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៣ ក្រុមការងារបានស្វែង រកឃើញមន្ត្រីនគរបាលដែលជាអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ១១ នាក់ ។
ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៏ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា ស្នងការដ្ឋាននគរបាលខេត្តបានបញ្ជូនមន្ត្រីនគរបាលទាំង ១១ នាក់នោះទៅកាន់ មណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ដោយឡែកចំពោះរូបភាពអនុវត្តវិន័យយ៉ាងណានោះ ស្នងការដ្ឋាននគរបាលខេត្តនឹងអនុវត្តយ៉ាងម៉ឺងម៉ាត់ បំផុត តាមគោលការណ៍សម្រេចពីថ្នាក់ដឹកនាំនាពេលក្រោយ ។
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណ និងត្រៀមជាស្រេចដោយក្តីរីករាយ ដើម្បីទទួល រាល់កិច្ចសហការ មតិរិះគន់ស្ថាបនាពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសតាមបណ្ដាញសារព័ត៌មាន ដែលកន្លងមក បានចូលរួមសហការ និងបន្តសហការក្នុងការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ព្រមទាំងសំរិតសំរាំងដល់មន្ត្រី នគរបាលយើងខ្ញុំ ។ ព្រៃវែង ថ្ងៃ ០២ខែ វិច្ឆិកាឆ្នាំ២០២៣ ប្រថាប់ត្រា ស្នងការជានគរបាលខេត្តព្រៃវែង
ប្រជាពលរដ្ឋក៏ដូចជាអង្គការសង្គមស៊ីវិលជាពិសេសទៅទៀតនោះគឺមន្ត្រីរាជការមួយចំនួនគាត់កំពុងតែមានចម្ងល់ឆ្ងល់ហើយឆ្ងល់ទៀតទាក់ទិនទៅនឹងរឿងមន្ត្រី 11 រូបនៅក្នុងខេត្តព្រៃវែងមិនព្រមបញ្ជូនទៅតុលាការ ដោយសារតែរងចាំថ្នាក់ដឹកនាំដាក់បញ្ជាមកសិន។
អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានទេ ដោយសារមិនមានលេខទូរស័ព្ទក្នុងការទំនាក់ទំនង។
តែយ៉ាងណាមិញអង្គភាពអ្នកសារព័ត៌មានសង្ឃឹមថាក្រសួងមហាផ្ទៃនិងចាត់វិធានការ ចំពោះមុខច្បាប់តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិ ដែលមានខ្លឹមសារទាំងស្រុងតាមវីដេអូភ្ជាប់។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការស្រាយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មានសូមអរគុណ។ ដោយនាគរាជ
Post a Comment