តាមបណ្តាស្នងការ និងពន្ធនាគារ មួយចំនួន កំពុងធ្វើតេស្ដរកសារធាតុញៀនលើមន្ដ្រីនគរបាល
ភ្នំពេញ៖ ក្រោយពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំដល់គ្រប់អង្គភាពត្រូវរឹតបន្តឹងចំពោះបញ្ហាគ្រឿងញៀន មានអង្គភាពចំណុះក្រសួងមហាផ្ទៃមួយចំនួនបានប្រកាសពីការធ្វើតេស្តទឹកនោមរកសារធាតុញៀនលើមន្រ្តីសមត្ថកិច្ច។
ជាក់ស្តែងអគ្គនាយកដ្ឋានពន្ធនាគារបានដាក់ចេញនូវវិធានការក្នុងការធ្វើតេស្តទឹកនោមរកសារធាតុញៀនលើមន្រ្តីពន្ធនាគារ និងជនជាប់ឃុំក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់មន្រ្តីពន្ធនាគារនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្តឱ្យកាន់តែមានប្រសិទ្ធភាព និងការជឿទុកចិត្តពីមជ្ឈដ្ឋានទូទៅ។
សម្រាប់លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការពិនិត្យរកសារធាតុញៀនលើមន្រ្តីសមត្ថកិច្ចនេះ លោកមិនមែនទើបតែអនុវត្តពេលនេះទេ គឺលោកតែងតែធ្វើជាប់ជានិច្ច។ លោកថា បើសិនរកឃើញមានសមត្ថកិច្ចណាម្នាក់មានផ្ទុកសារធាតុញៀននឹងត្រូវចាត់ការតាមការណែនាំរបស់ថ្នាក់ដឹកនាំ។
រីឯលោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ថ្លែងប្រាប់វិទ្យុវាយោថា ចាប់ពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣តទៅ លោកនឹងចាប់ផ្តើមធ្វើតេស្តរកសារធាតុញៀនលើមន្រ្តីនគរបាលទាំងអស់ ដែលក្នុងនោះគឺចាប់ផ្តើមពីលោក និងស្នងការរងមុនគេ។ លោកស្នងការខេត្តព្រៃវែងបញ្ជាក់ថា បើរកឃើញថាមន្ដ្រីនគរបាលរូបណាមានផ្ទុកសារធាតុញៀនគឺមិនទុកទេ។
ចំណែកលោក ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀងវិញថា មិនទាន់បានដាក់សំណើស្តីពីការសុំធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីសមត្ថកិច្ចក្នុងខេត្តស្វាយរៀងនៅឡើយទេ។ តែយ៉ាងណា ក្នុងនាមស្នងការខេត្តជាប់ព្រំដែន លោក ពេជ្រ វីរៈ ប្តេជ្ញាក្នុងការបង្ក្រាបបទល្មើសក្នុងភូមិសាស្រ្តខេត្ត និងសហការជាមួយប្រទេសជិតខាងក្នុងការបង្រ្កាបបទល្មើសនានា។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម ធ្លាប់បានប្រាប់វិទ្យុវាយោថា លោកគាំទ្រចំពោះចំណាត់ការក្ដៅលើកងកម្លាំងប្រដាប់អាវុធដែលពាក់ព័ន្ធគ្រឿងញៀន។ ប៉ុន្ដែលោកយល់ថាក្នុងដំណាក់កាលនេះរដ្ឋគួរតែរកឱ្យឃើញពីចំនួនសិន ហើយអនុវត្ដសន្សឹមៗព្រោះកងកម្លាំងប្រដាប់អាវុធមិនអាចធ្វើអ្វីតាមការចង់បានភ្លាមៗនោះទេ។
សូមជម្រាបថា ថ្មីៗនេះលោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះកងទ័ពដែលជាប់ពាក់ព័ន្ធនឹងបទល្មើស និងសេពគ្រឿងញៀន ដោយដកចេញពីក្របខ័ណ្ឌ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ ជាក់ស្ដែងកាលពីថ្ងៃទី២៥ និងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នាយទាហាន០១រូប និងយោធិន០២រូបត្រូវបានដកចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ក្រោមមូលហេតុប្រើប្រាស់សារធាតុញៀនខុសច្បាប់៕
Post a Comment