អាជ្ញាធរសវនកម្មជាតិរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីសវនកម្ម និង ស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា” នៅរដ្ឋបាលខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ): ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាលាខេត្តត្បូងឃ្មុំ, អាជ្ញាធរសវនកម្មជាតិបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីសវនកម្ម និង ស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា” ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៅតាមមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំក្រុង/ស្រុក និងឃុំ/សង្កាត់ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ សរុបចំនួន ១៤៨ នាក់ ។

អង្គសិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធសវនកម្មជាតិ និងមានការចូលរួមពីសំណាក់ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ពាង ណារិទ្ធ អភិបាលស្តីទី នៃគណៈអភិបាលខេត្តត្បូងឃ្មុំ។

នាឳកាសនោះឯកឧត្តម ពាង ណារិទ្ធ អភិបាលស្តីទី នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅព្រមទាំងបានកត់សម្គាល់ថា សម្រាប់រដ្ឋបាលខេត្តត្បូងឃ្មុំ ការរៀបចំឱ្យមានអង្គសិក្ខាសាលានាពេលនេះ, គឺជាឱកាសដ៏វិសេសមួយក្នុងការស្វែងយល់អំពី “ច្បាប់ស្តីពីសវនកម្ម និង ស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រម្ពុជា”។ 

មានប្រសាសន៍ទៅកាន់សិក្ខាកាម ឯកឧត្តមបណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ គូសបញ្ជាក់ថា អង្គសិក្ខាសាលានាពេលនេះ មានគោលដៅបញ្រ្ចាប និងបង្កើនការយល់ដឹងអំពីតួនាទី និងភារកិច្ចសវនកម្មផ្ទៃក្រៅរាជរដ្ឋាភិបាល ដែលអនុវត្តមុខងារនេះដោយអាជ្ញាធរសវនកម្មជាតិ ជូនដល់មន្ត្រីរាជការដែលបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីទទួលបានការគាំទ្រ និងកិច្ចសហការកាន់តែល្អប្រសើរ។ 

ឯកឧត្តមបណ្ឌិត អ៊ុក សារាវុធ បន្ថែមថា យន្តការនេះនឹងជួយអាជ្ញាធរសវនកម្មជាតិអនុវត្តការងារសវនកម្មប្រកបដោយគុណភាពខ្ពស់ ក្នុងការសម្រេចគោលបំណងធ្វើឱ្យមានអភិបាលកិច្ចល្អ និងចូលរួមចំណែកកាត់បន្ថយ និងទប់ស្កាត់នូវរាល់កំហុសឆ្គងលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ការគ្រប់គ្រងធនធាន ទ្រព្យសម្បត្តិរដ្ឋ ដើម្បីឈានទៅបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរ  ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរង និងជាគ្រូឧទ្ទេសនាមនៃអាជ្ញាធរសវនកម្មជាតិ បានធ្វើបទឧទ្ទេសនាម “ច្បាប់ស្តីពីសវនកម្ម និង ស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា” ដោយកំណត់លើ ៤ ចំណុច សំខាន់ៗ រួមមាន៖ ទី១-សាវតាស្ថាប័នអាជ្ញាធរសវនកម្មជាតិ ទី២-ហេតុអ្វីត្រូវមានច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ទី៣-ខ្លឹមសារនៃច្បាប់សវនកម្មនៃព្រះរាជាណាចក្រកម្ពុជា និង ទី៤-ស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ត្រីរាជការ និងកងម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីថ្នាក់ក្រុង/ស្រុក សង្កាត់/ឃុំ ទាំងអស់ ចំណុះរដ្ឋបាលខេត្តត្បូងឃ្មុំ។

គួរំលឹកផងដែរថា អាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នសាធារណៈឯករាជ្យអំពីកិច្ចប្រតិបត្តិការការងារនិងមានភារកិច្ចធ្វើការត្រួតពិនិត្យ និងផ្តល់អនុសាសន៍កែតម្រូវលើរាល់កំហុសឆ្គងរបស់អង្គភាពរងសវនកម្ម ព្រមទាំងផ្ញើរបាយការណ៍សវនកម្មជូនស្ថាប័ននីតិប្បញ្ញត្តិ ពោលគឺ រដ្ឋសភា និងព្រឹទ្ធសភា និង ចម្លងជូនរាជរដ្ឋាភិបាល ហើយរបាយការណ៍សវនកម្មត្រូវបានផ្សព្វផ្សាយជាសាធារណៈ៕








 

Powered by Blogger.