សមត្ថកិច្ចកំពុងស្រាវជ្រាវក្រោយពីលោកនី ណាក់ត្រូវជនមិនស្គាល់មុខវាយបណ្ដាលឱ្យរបួសធ្ងន់

 ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោក នី ណាក់ ដែលមានឈ្មោះថា Iman-KH បាន ប្រកាសពីការរងគ្រោះថ្នាក់ដោយអំពើហិង្សា ដែលបានប្រព្រឹត្តលើរូបលោកនៅលើដងផ្លូវសាធារណៈទាំងកណ្ដាលថ្ងៃកាលរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅពេលដែលលោកនិងភរិយាបានជិះម៉ូតូចេញពីឃ្លាំងធ្វើជីកំប៉ុសនៅព្រែកថ្មី នៅជិតវត្តចំពុះក្អែកត្រឡប់ទៅផ្ទះវិញ។ តាមការរៀបរាប់ពីភរិយារបស់លោកបានឱ្យដឹងថា មានជនល្មើស មិនស្គាល់មុខមានគ្នាបួនប្រាំនាក់ បានជិះម៉ូតូទៅបុកម៉ូតូរបស់គាត់ចំពីក្រោយបណ្តាលអោយដួលនៅលើដងផ្លូវ ហើយជនល្មើសទាំងនោះបានព្រួតគ្នាវាយដំលើលោក នី ណាក់ បណ្តាលអោយរបួសយ៉ាងធ្ងន់ធ្ងរបំផុត។ ភរិយារបស់លោក នី ណាក់ បានឱ្យដឹងបន្តថា នៅពេលនេះអាការៈរបស់លោក នី ណាក់ នៅមានសភាពធ្ងន់ធ្ងរនៅឡើយ និងកំពុងតែសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ជុំវិញហេតុការណ៍ខាងលើនេះដែរ លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់វិទ្យុវាយោនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះថា រាល់បទល្មើសដែលបានកើតឡើងគឺជាភារកិច្ចរបស់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដោយឡែកចំពោះករណីលោក នី ណាក់ ដែលបានប្រកាសពីការរងគ្រោះដោយអំពើហិង្សានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងតែស្រាវជ្រាវ។

គួរបញ្ជាក់ថា កន្លងមកលោក នី ណាក់ (Iman-KH) ដែលជាអ្នកចូលចិត្តបញ្ចេញយោបល់ និងមតិរិះគន់ឥតសំចៃមាត់នៅលើបណ្ដាញសង្គមពាក់ព័ន្ធទៅនឹងវិស័យកសិកម្ម និងក៏ជាអ្នកដែលតែងតែជួយផ្សព្វផ្សាយ អំពីបច្ចេកទេសកសិកម្មដល់ប្រជាជនខ្មែរបានដឹង និងរៀនពីរបៀបធ្វើកសិកម្មតាមសម័យទំនើបនោះ ធ្លាប់ជាប់ពន្ធនាគារ១៨ខែពីបទញុះញង់ ដោយលោក នី ណាក់ បានផ្សាយព័ត៌មានមិនពិតពីកសិកម្មនៅកម្ពុជា៕

Powered by Blogger.