ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសារ ៤ចំណុច ទៅyកាន់ថ្នាក់ដឹកនាំ និងប្រជាជនថៃ
តាមរយៈផេកហ្វេសប៊ុកផ្លូវការ នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារ ៤ចំណុច ទៅកាន់ថ្នាក់ដឹកនាំ និងប្រជាជនថៃ បន្ទាប់ពីប្រជាជន និងកងកម្លាំងថៃមួយចំនួន បានយករូបថតសម្តេចតេជោ ហ៊ុន សែន ទៅធ្វើជាផ្ទាំងស៊ីប នៃល្បែងបាញ់យករង្វាន់ កាលពីពេលថ្មីៗនេះ។
ក្នុងសារ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ថៃ ជាប្រទេសដែលមានព្រះមហាក្សត្រ និងមានប្រពៃណីទំនៀមទម្លាប់អ្នកកាន់ព្រះពុទ្ធសាសនាហ្នឹងគេដែរ! ជាប្រទេសមួយមិនធ្លាប់ស្ថិតក្រោមអាណានិគមបរទេស! ជាប្រទេសស្ថាបនិកមួយរបស់អាស៊ាន និងជាប្រទេសមានសេដ្ឋកិច្ចខ្លាំងមួយនៅក្នុងតំបន់ដែរ។ ប៉ុន្តែបច្ចុប្បន្ន ថៃ បានក្លាយទៅជារដ្ឋមួយ ដែលគ្មានភាពខ្មាសអៀន បាត់អស់ភាពថ្លៃថ្នូរ និងក្លាយជារដ្ឋមួយ ដែលមានប្រព័ន្ធដឹកនាំជាតិ គ្មានក្បាល គ្មានកន្ទុយ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តទៀតថា មិនមែនជារឿងថ្មីថ្មោងនោះទេ ប៉ុន្តែលើកនេះ សកម្មភាពប្រមាថរបស់ជនជាតិថៃខ្លះ មកលើសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា ដ៏មានគុណមួយរូបរបស់ប្រជាជនខ្មែរ បានប្រព្រឹត្តឡើងដោយកងកម្លាំងថៃ តែម្ដង។ ការយករូបថតសម្ដេចតេជោ ធ្វើជាផ្ទាំងស៊ីបនៃល្បែងបាញ់យករង្វាន់ ទោះបី សម្ដេចតេជោ ទទូចសុំពលរដ្ឋកុំប្រព្រឹត្តតបនឹងទង្វើដ៏អន់ថយនោះទៅថៃវិញ ក៏ដោយ តែក្នុងនាមពលរដ្ឋខ្មែរ យើងមានភាពចាំបាច់ ដើម្បីថ្កោលទោសលើអំពើរបស់ពួកគេ។
ក្នុងសំណេរដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ជាដំបូង យើងត្រូវតែចង្អុលឱ្យចំមុខតែម្ដង ចំពោះទង្វើរបស់មេដឹកនាំថៃ គ្រប់ឈុត គ្រប់បក្ស ព្រមទាំងភាពព្រងើយកន្តើយរបស់ស្ថាប័នពាក់ព័ន្ធថៃ ជាពិសេសក្រសួងមហាផ្ទៃថៃ អគ្គស្នងការដ្ឋាននគរបាលជាតិថៃ អាជ្ញាធរ រដ្ឋបាលដែនដីថៃ និងអង្គភាពនគរបាលថៃ គ្រប់មូលដ្ឋាន។ ពីព្រោះពួកគេ បានសន្មតថា ជារឿងសាមញ្ញ និងពុំបានចាត់វិធានការអ្វីសោះ ចំពោះសកម្មភាពប្រមាថមេដឹកនាំខ្មែរ ជាចំហម្ដងហើយម្ដងទៀតរបស់ពលរដ្ឋថៃ។ នេះគឺជាភាពអន់ថយនៃប្រព័ន្ធច្បាប់ថៃ។
ឯកឧត្តមអភិសន្តិបណ្ឌិត បន្តទៀតថា ភាពកម្សោយនៃច្បាប់ថៃ និងការព្រងើយកន្តើយមិនអនុវត្តរបស់អាជ្ញាធរមានសមត្ថកិច្ចថៃ ក៏ជាការបង្ហាញទៅកាន់ពិភពលោកដែរថា ថៃមិនត្រឹមតែមានប្រព័ន្ធដឹកនាំរដ្ឋរញ៉េរញ៉ៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រទេសមួយ ដែលនិយមសាទរចំពោះទង្វើអសីលធម៌ បន្ថែមលើភាពជាប្រទេសមួយ ដែលនិយមយកឥទ្ធិពលនៃភាពមានបានរបស់ខ្លួន ទៅបំពានរដ្ឋក្បែរខាង។ ឯកឧត្តម បន្តទៀតដែរថា បើទោះជាស្រុកថៃ កំពុងរញ៉េរញ៉ៃ ក៏គួរឆ្លៀតឆ្លើយ ហើយបើមិនឆ្លើយ ក៏សូមចេះស្វ័យពិចារណាផងចុះ។
ជាមួយគ្នានោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ទៅកាន់ប្រជាជន និងថ្នាក់ដឹកនាំថៃ ៤ចំណុច ដូចខាងក្រោម៖
១. បច្ចុប្បន្ន សម្ដេចតេជោ ជាប្រមុខរដ្ឋស្ដីទី ដែលទទួលការប្រទានសិទ្ធិពីព្រះមហាក្សត្រ។ ប្រទេសថៃ ក៏មានព្រះមហាក្សត្រ ហើយទ្រង់ក៏ជាប្រមុខរដ្ឋដែរ។ បើមានពលរដ្ឋខ្មែរ ធ្វើទង្វើថោកទាបបែបនោះ លើព្រះមហាក្សត្រថៃ តើជនជាតិថៃ មានអារម្មណ៍បែបណា?
២. អាជ្ញាធរថៃ បើមានជនជាតិថៃ យករូបព្រះមហាក្សត្រថៃ មកធ្វើសកម្មភាពប្រមាថបែបនោះ តើអស់លោក នឹងនៅស្ងៀម ដូចករណីពលរដ្ឋថៃ កំពុងប្រមាថប្រមុខរដ្ឋស្ដីទីខ្មែរឬយ៉ាងណា? ដោយឡែកមេដឹកនាំថៃ ទាំងអ្នករបូតតំណែង និងទាំងអ្នកកំពុងកាន់តំណែងក្នុងរដ្ឋាភិបាល ៤ខែ ប្រសិនបើមានជនជាតិថៃ ឬរហូតដល់ពលរដ្ឋខ្មែរ ធ្វើសកម្មភាពប្រមាថលើរូបអស់លោក តើអស់លោក យល់យ៉ាងណាដែរ?
៣. អង្គភាពគ្រប់គ្រងកងកម្លាំងថៃ! តើតម្លៃនៃអង្គភាពរបស់អ្នកនៅឯណា? ឯណាទៅភាពថ្លៃថ្នូរ និងវិន័យដ៏ល្អរបស់កងកម្លាំងថៃ? ចំណែកសាមីជនប្រព្រឹត្តទង្វើនោះវិញ តើឪពុកម្ដាយ និងសាលារៀនរបស់អ្នក ធ្លាប់បានអប់រំអំពីសីលធម៌ និងភាពជាមនុស្សថ្លៃថ្នូរដែរទេ?
៤. តើពលរដ្ឋខ្មែរ គ្មានលទ្ធភាពប្រព្រឹត្តទង្វើដ៏អន់ថយដូចជនជាតិថៃនោះទេឬយ៉ាងណា? ត្រង់នេះ ខ្ញុំជួយផ្ដល់ចម្លើយខ្លីជូនថា មែនទែនទៅ យើងអាចធ្វើបានទេតើ! ប៉ុន្តែយើងដឹងថាវាជាអំពើថោកទាប។ ខ្មែរមានភាពថ្លៃថ្នូរ ហើយខ្មែរ គោរពគោលការណ៍របស់ថ្នាក់ដឹកនាំ! ពិសេសនោះ គឺខ្មែរមិនចង់ឱ្យពលរដ្ឋថៃ ឈឺចាប់ដូចខ្លួន!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់បន្តទៀតថា ក្នុងនាមពលរដ្ឋខ្មែរ យើងគោរពតាមដំបូន្មានរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា និងគោលការណ៍ដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជារបស់យើង។ យើងនឹងបន្តរួបរួមសាមគ្គីគ្នា ហើយពង្រឹងស្មារតីជាតិនេះឱ្យកាន់តែរឹងមាំ និងប្រកបដោយភាពថ្លៃថ្នូរ។
ចុងបញ្ចប់នៃសំណេរ ឯកឧត្តមអភិសន្តិបណ្ឌិត បានរំលេចខ្លឹមសារថា យើងអាណិតថៃ ដែលមិនខំផ្សះផ្សាជាតិ ដែលបែកបាក់ បែរជាមកបង្កាត់ភ្លើង បង្កជម្លោះបំពានទឹកដី និងប្រមាថមេដឹកនាំខ្មែរ។ យ៉ាងណាក៏ដោយ យើងរង់ចាំបន្តធ្វើរឿងល្អៗជាមួយមេដឹកនាំ និងប្រជាជនថៃ ដែលជាថៃមានភាពថ្លៃថ្នូរ និងជាថៃ ដែលខិតខំការពារកិត្តិយសជាតិខ្លួន ទន្ទឹមគ្នានឹងគោរពភាពថ្លៃថ្នូររបស់ប្រទេស និងជនជាតិដទៃទៀត ក្នុងនាមមនុស្សជាតិដូចគ្នា៕
Post a Comment