កម្លាំងសមត្ថកិច្ច ឃាត់ជនបរទេសចំនួន ២៩០នាក់ ពាក់ព័ន្ធស្នាក់នៅ និងធ្វើការខុសច្បាប់នៅខេត្តព្រះសីហនុ

 

-------


ខេត្តព្រះសីហនុ : សមត្ថកិច្ចឲ្យដឹងថា មានជនជាតិប៉ាគីស្ថាន បង់ក្លាដេស និងនេប៉ាល់ចំនួនជិត២៩០នាក់ទៀត ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ឃាត់ខ្លួនពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់។ 


ការរកឃើញនេះ ផ្ដើមចេញពីករណីក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសទាំងនេះ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងជនជាតិចិន ពាក់ពន្ធ័នឹងរឿងជម្លោះសាសនា កាលពីប៉ុន្មានថ្ងៃមុននេះ។

  

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ តាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងសហការជាមួយកម្លាំងអាវុធហត្ថ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីតំណាងអយ្យការផងដែរ។


របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្ដាញព័ត៌មាន ទទួលបានបញ្ជាក់ថា ប្រតិបត្តិការឃាត់ខ្លួននៅថ្ងៃនេះ រកឃើញជនជាតិប៉ាគីស្ថាន ២១៦នាក់, បង់ក្លាដេស ចំនួន៦៨នាក់ និងជនជាតិនេប៉ាល់ ចំនួន៦នាក់ សរុបចំនួន២៩០នាក់។ ដោយឡែក សម្រាប់កាលពីប៉ុន្មានថ្ងៃមុននេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិបង់ក្លាដេស និងប៉ាគីស្ថាន ចំនួន៥៨នាក់ដែរ។ 











បច្ចុប្បន្ន សមត្ថកិច្ចកំពុងស៊ើបអង្កេតបន្ថែម ដើម្បីចាត់ការតាមនីតិវិធី ។


សូមរំលឹកថា នៅយប់ថ្ងៃទី៤ ខែតុលាកន្លងទៅនេះ ជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសជាច្រើននាក់ បាននាំគ្នាតវ៉ា ដោយខឹងសម្បារ ជាមួយជនជាតិចិនពាក់ពន្ធ័នឹងជម្លោះសាសនា នៅកន្លែងធ្វើការក្នុងអគារមួយ ស្ថិតក្នុងក្រុងព្រះសីហនុ ហើយភ្លាមៗកម្លាំងសមត្ថកិច្ចចុះអន្ដរាគមន៍ និងបានឃាត់ខ្លួនអ្នកពាក់ពន្ធ័ដើម្បីចាត់ការតាមនីតិវិធី៕



Powered by Blogger.